សូ ដានីតា តារាសម្តែងស្រីជើងចាស់មានសមត្ថភាពខ្ពស់ដែលកំពុងទទួលជោគជ័យខ្លាំង ក្រោយពីចេញទៅសម្តែងនៅឯសហរដ្ឋអាមេរិក ដោយទទួលបានការគាំទ្រ រហូតទទួលបានប័ណ្ណសរសើរពីខាងទូតតែម្តង។ ថ្មីៗនេះស្រាប់តែនាងត្រូវរងព្យុះរិះគន់ពីសំណាក់មហាជនទៅវិញ ព្រោះតែធ្វើពិធីបុណ្យរាប់បាតជូនព្រះសង្ឃដោយប្រើប្រាស់សុទ្ធតែលុយដុល្លារ កាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅនេះ។

មុននេះបន្តិច តារាស្រីរូបនេះបានសរសេរសាបកស្រាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះខ្ញុំ សូ ដានីតា សូមបកស្រាយជូន រឿងបងប្អូនមួយចំនួនដែលរិះគន់នាងខ្ញុំរឿងមួយថា (ចូលឆ្នាំរាប់បាតប្រគេនបច្ច័យព្រះសង្ឃ សុទ្ធតែលុយដុល្លា ម៉េចមិនព្រមដូរលុយខ្មែរ? រឺ សូ ដានីតា ចង់ប្រាប់ថាខ្លួនឯងមានលុយដល់ថ្នាក់មិនចង់ចាយលុយរៀលខ្មែរ?)។ នាងខ្ញុំមិនចង់ជជែកវែកញែកតបទៅការខំមិនរបស់បងប្អូនទេ តែនាងខ្ញុំសូមសរសេរជាសាធារណៈថា នាងខ្ញុំមិនមែនមានលុយដល់ថ្នាក់ហ្នឹងទេ! ខ្ញុំក្រណាស់រាល់ថ្ងៃ នាងខ្ញុំប្រើលុយដុល្លាររាប់បាត ពីព្រោះនាងខ្ញុំរាប់បាតនៅលើទឹកដីអាមេរិក នៅវត្តខន្តីយ៉ារាម Jacksonville Florida USA។

នាងខ្ញុំជាកូនខ្មែរទៅណាមកណាក៏ខ្ញុំមិនប្តូរជាតិសាសន៍ និងវប្បធម៌របស់ខ្ញុំដែរ។ សង្ឃឹមថាបងប្អូននឹងយល់ ហើយសូមពង្រីកមើលនៅដៃមនុស្សគ្រប់គ្នា ម្នាក់ៗកាន់សុទ្ធលុយដុល្លារទាំងអស់។ សូមអរគុណបងប្អូន ដែលខំមិនបង្អាប់លើរូបនាងខ្ញុំ ដោយមិនបានអានរាល់សរសេរខាងលើថា នាងខ្ញុំកំពុងនៅទីណាឥឡូវនេះ។ សូមបញ្ជាក់ថានាងខ្ញុំមកប្រទេសអាមេរិកមុនចូលឆ្នាំខ្មែរ និងសូមអរគុណនូវការរិះគន់របស់បងប្អូនមួយចំនួន! តែនាងខ្ញុំសូមផ្តាំថា ថ្ងៃក្រោយមុននឹងជេរស្តីបន្ទោសខំមិនរិះគន់នរណាម្នាក់ បងប្អូនគួរមើលអោយជាក់សិនចាំសរសេរ សូមអរគុណ»៕