កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ រោងភាពយន្ត Legend Cinemas មានកម្មវិធីជួបជុំ Influencers ពោលគឺជាពិធីជួបជុំ កំពូលអ្នកមើលកុន និងអ្នកវិភាគរឿង ធំបំផុតប្រចាំឆ្នាំ២០១៩ ដែលជាការរៀបចំឡើងដោយ Legend Cinemas និង Team 2។ កម្មវិធីនេះបានធ្វើឡើងនៅឯរោងភាពយន្ត Legend សាខា Eden garden  ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ Influencers នានា និងមានការបកស្រាយបទចម្រៀងពីរោះៗពីសំណាក់តារាវ័យក្មេង ឡាយ ប៊ុនឡេង ផងដែរ។

ក្រៅពីមានការជួបជុំ  Influencers  ក៏មានការលេងហ្គេមកម្សាន្តសប្បាយ និងមានការចាប់រង្វាន់ជាច្រើន ធ្វើឲ្យកម្មវិធីកាន់តែកក្រើកមួយកម្រិត។ ជាពិសេសក្រៅពីមានការជួបជុំ ក្នុងនោះរោងភាពយន្តLegend ក៏បានរៀបចំឲ្យមានការទស្សនា Pre-screening ខ្សែភាពយន្តរឿង “មួយជំហានទៀតដើម្បីក្បែរបង” ឬ Five feet apart។

ខ្សែភាពយន្ត”មួយជំហានទៀតដើម្បីក្បែរបង” ឬ Five feet apart ជាខ្សែភាពយន្តមនោសញ្ចេតនាបែបកម្សត់ រំជួលចិត្តបំផុតដែលនិយាយពីគូស្នេហ៍មួយគូ ព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបាននៅក្បែរគ្នា ប៉ុន្តែព្រហ្មលិខិតហាក់មិនប្រណីពួកគេសោះ។ Stella ជាតួឯកស្រីដែលមានជំងឺសួតម៉្យាង ជាហេតុតម្រូវអោយនាងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីឆ្លងកាត់ការព្យាបាលដ៏សែនឈឺចាប់យ៉ាងច្រើនស្ទើរតែរាល់ថ្ងៃ។ ទោះជាយ៉ាងណា មន្ទីរពេទ្យនោះហើយ ជាកន្លែងដែលនាងជួបបុរសជាទីស្រលាញ់ គឺWill។ Will ជាក្តីសង្ឃឹម និងផ្ដល់ភាពស្រស់បំព្រងថ្មីរបស់នាង អ្វីដែលគួរអោយសោកស្តាយបំផុតនោះ គឺពួកគេមិនអាចផ្តល់ភាពកក់ក្តៅដល់គ្នាបាន ដោយសារតែស្ថានភាពជម្ងឺរបស់ពួកគេ។ វាពិតជាឈឺចាប់ណាស់នៅពេលដែលយើងស្រលាញ់មនុស្សម្នាក់ តែមិនអាចនៅក្បែរគ្នា ស្និតស្នាល សូម្បីតែកាន់ដៃគ្នាក៏មិនអាច។ ប៉ុន្តែពួកគេមិនបានចុះចាញ់ឡើយ អ្នកទាំងពីរបានព្យាយាម រកវិធីគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ដើម្បីបាននៅក្បែរគ្នា។ ថាតើអ្នកទាំងពីរអាចជំនះបានទេនៅចុងបញ្ចប់? បើអ្នកទាំងអស់គ្នាចង់ដឹងច្បាស់គឺអាចទៅទស្សនាបាននៅគ្រប់រោងភាពយន្ត Legend Cinemas គ្រប់សាខា ចាប់ពីថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕