កាលពីថ្មីៗនេះអតីតតារាសម្តែងប្រុសលោក ថៃ នរៈពិទូ បានប្រកាសថាខ្លួននឹងវិលត្រលប់ចូលពិភពសិល្បៈវិញដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រិយមិត្តជាពិសេសអ្នកដែលនិយមតាមដាន និងគាំទ្ររូបលោកតែម្តង។ គេសង្កេតឃើញថាមានការគាំទ្រ និងមានការមិនពេញចិត្តស្របពេលជាមួយគ្នាព្រោះតែតារាប្រុសរូបនេះធ្លាប់មានប្រវត្តិប្រើប្រាស់គ្រឿងញៀន។

យ៉ាងណាមិញតាមប្រភពគណនីអ្នកដឹកនាំសម្តែងមួយរូបរបស់ផលិតកម្ម ថោន បានបង្ហោះសារនៅលើហ្វេសប៊ុកឲ្យដឹងថា ថៃ នរៈពិទូ​ និងក្លាយជាតួឯកប្រុសក្នុងរឿងខ្លីរបស់ខ្លួនដែលត្រៀមនឹងថតក្រោយចូលឆ្នាំប្រពៃណីខ្មែររួច។ ដោយលោក ឃុន ធារិទ្ធ ឬ Rith Omega បានសរសេររៀបរាប់ថា «មនុស្សមិនមែនជាទេវតា អ្នកណាមិនធ្លាប់ខុស សំខាន់ចេះកែប្រែ និងទទួលកំហុស ថ្ងៃថ្មីនៅតែរងចាំអ្នកជានិច្ច! ទូ នឹងក្លាយជាតួប្រុសក្នុង Short Film ខ្ញុំក្រោយនេះ ឆាប់ៗនេះនឹងចាប់ផ្តើមថតពេលចូលឆ្នាំហើយ។ Share មួយបើបងប្អូនគាំទ្រនឹងចង់ឃើញគាត់ត្រលប់មកកាន់សិល្បៈវិញ»។ ដូចនេះដើម្បីដឹងច្បាស់សូមរង់ចាំទាំងអស់គ្នាថាសាច់រឿងខ្លីដែលផលិតកម្មថោនត្រៀមនឹងផលិតនេះមានអ្វីដែលប្លែក៕