លោក ដួង សុខគា បានបង្ហោះសារអំពាវនាវនៅលើបណ្តាញសង្គមអំពាវនាវដល់យុវជន យុវតី បង្កើនការយកចិត្តទុកដាក់ថែរក្សា ដោយនាំគ្នាសរសេរអក្សរខ្មែរ និងបញ្ឈប់ជាបន្ទាន់នូវការសរសេរអក្សរឡាតាំងនៅលើបណ្តាញសង្គម។ ដោយតារាកំប្លែងរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា៖

“ដើម្បីជាចំណែកក្នុងការស្រលាញ់និងថែរក្សា អក្សរសាស្ត្រយើង សូមបងប្អូនចូលរួមទាំងអស់គ្នាណា៎!
1-បកមកសរសេរអក្សរខ្មែរ ឈប់ប្រើឡាតាំងកត់សូរមកសរសេរ វានឹងទម្លាប់ខូចដៃលើសពីនេះវាទាញពាក្យខុសពាក្យដើមមើលលែងយល់
2-ទម្លាប់ដៃសរសេរអក្សរឲ្យត្រឹមត្រូវ ជាជាងប្រថុយៗឲ្យតែរួចពីដៃ
3-ឃើញខុសជួយកែគ្នា កុំខ្លាច
4-ទទួលយកការកែ ព្រោះវាមិនមែនជាការអៀនខ្មាសទេ អ្នកណាក៏អាចខុសដែរ បើអក្សរសាស្ត្រយើងរលាយទើបគួរឲ្យខ្មាសអៀន
5-ដោនឡូតវចនានុក្រមខ្មែរ សម្តេចជួនណាតមកប្រើ មិនពិបាកសោះឡើយ
6-តោងយល់ថាភារកិច្ចនេះគឺជារបស់យើងទាំងអស់គ្នា ចូរកុំប្រកែកថា ខ្ញុំមិនមែនជាគ្រូបង្រៀន មិនមែននិស្សិត មិនមែនសិស្ស ព្រោះពេលយើងសរសេរខុសហើយបង្ហោះ គឺក្មេងអាចរៀនតាម។ បើយល់ព្រមសូមចែកចាយបន្ត អក្សរសាស្ត្រមិនមែនជារបស់ឯកជនទេ។ ទទួលខុសត្រូវលើការថែរក្សាអក្សរសាស្ត្រ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា”៕