កាលពីថ្មីៗនេះតារាសម្តែងស្រី សូ ដានីតា បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងដោយបានប្រើពេលមួយថ្ងៃដើម្បីធ្វើខ្លួនជាកម្មករស៊ិនទ្រីប្រមូលសម្រាម ដោយមិនប្រកាន់ខ្លួន ដែលបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះលោក តាន់ គឹមសួរ ក៏បានលើកយក​រូបនាងមកសរសើរមិនដាច់ពីមាត់ថាពិតជាតារាស្រីគំរូពិតមែន។

ដោយលោកបានសរសេរសាររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «សមជាតារាគំរូ សុខចិត្តប្រើជិវិតមួយថ្ងៃរស់នៅបែបកម្មការិនីប្រមូលសំរាម ដើម្បីបង្ហាញទៅដល់បងប្អូនពូមីងមួយចំនួនដែលតែងតែទុកដាក់សម្រាមដោយគ្មានរបៀប និងតែងតែបង្ហាញឬកពារនៃការរើសអើងឲ្យមានការអាណិតអាសូរដល់ប្អូនៗ បងៗដែលជាអ្នកប្រមូលសំរាមផង ពួកគាត់ទទួលរងនូវមេរោគនានា ប៉ះពាល់ដល់សុខភាពរួចទៅហើយ។

សូមកុំធ្វើឲ្យពួកគាត់ទទួលការប៉ះពាល់បញ្ហាផ្លូវចិត្តបន្ថែមទៀតអី សាកគិតទៅមើល បើគ្មានពួកគាត់ទេ ពួកយើងប្រាកដជារស់នៅទីក្រុងនរកជាក់ជាមិនខាន ខ្ញុំសរសើរគាត់មិនមែនដោយសារតែជាអ្នករាប់អានគ្នាទេ។ សូមរងចាំទស្សនាវីដេអូនៅពេលឆាប់ៗខាងមុខនេះ អរគុណប្អូនស្រី So Danita ដែលគិតគូរហើយចូលរួមលើកទឹកចិត្តពួកគាត់»៕