សូ ដានីតា តារាសម្តែងស្រីបទពិសោធន៍យូរឆ្នាំ ដែលបងប្អូនបានស្គាល់ច្បាស់ថាមានសមត្ថភាពខ្ពស់ ជាពិសេសគឺជាតារាដែលមានសណ្តានចិត្តស្អាតល្អបរិសុទ្ធ។ ទទួលដំណឹងថាតារាស្រីរូបនេះនឹងត្រៀមចេញទៅសម្តែងនៅឯសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ តែយ៉ាងណាមិញនាងក៏នៅតែមិនភ្លេចឆ្លៀតពេលសាងអំពើល្អមុនពេលចេញទៅសម្តែងនោះឡើយ។

កាលពីម្សិលមិញនាង និងលោក តាន់ គឹមសួរ បានក្រោកតាំងពីព្រលឹមទៅបន្លំខ្លួនធ្វើជាកម្មករស៊ិនទ្រីប្រមូលសម្រាមដើម្បយល់ដឹងពីទុក្ខលំបាក ព្រមទាំងពន្យល់ណែនាំពួកគាត់ឲ្យដឹងពីការប្រើប្រាស់ស្រោមដៃដើម្បីការពារអនាម័យនិងជំងឺឆ្លងផ្សេង។ តែនាងមិនទាន់បានបញ្ឈប់ត្រឹមប៉ុណ្ណឹងនោះទេ ថ្ងៃនេះដែលនាងក៏បានចូលរួមជាមួយពួកគាត់ជាថ្មីម្តងទៀត នៅក្រោមកម្តៅថ្ងៃក្តៅហែងដោយមិនរអ៊ូរទាំ ព្រមទាំងបានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមថា «អារម្មណ៍ពិត ការងារពិត ក្តីអាណិត និងស្រលាញ់ពិត នៅសល់ ស្រោមដៃជ័រ ស្បែកជើង ១០០ គូរទៀត យើងខ្ញុំនឹងចែកចាយបន្ត»៕