កាលពីថ្ងៃទី៤ ខែមេសា ម្សិលមិញនេះ តារាសម្តែងស្រី សូ ដានីតា បានប្រកាសនៅក្នុងបណ្តាញសង្គមថារូបនាង លោក តាន់ គឹមសួរ និង លោក យ៉ែម សំអូន នឹងក្រោកពីព្រឹកដើម្បីចូលរួមជាមួយបងប្អូនកម្មករប្រមូលសំរាម ដើម្បីយល់ដឹងពីសុខទុក្ខរបស់ពួកគាត់។ ពេលនេះព័ត៌មានអាប់ឌេតចុងក្រោយពីតារាស្រីរូបនេះគឺនាងពិតជាបានធ្វើតាមពាក្យដែលខ្លួនបាននិយាយ។

ដោយនាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «ភ្ញាក់តាំងពីម៉ោង ៣ភ្លឺ ជាមួយបង Tan Kimsour ដើរប្រមូលសំរាមដាក់ឡាន បោសសំរាមតាមដងផ្លូវ និងចែកស្បែកជើងស្រោមដៃអនាម័យដល់បងប្អូនកម្មកររើសសំរាម ទើបទំនេរសំរាក សែលហ្វី ជុំគ្នាបន្តិចសិន និងញុាំបាយតាមកៀនផ្ទះរបស់គេ។ រូបភាព និងសកម្មភាពទាំងស្រុង គឺមានក្នុងការការថតវិដេអូ! ស្អែកម៉ោង៥ព្រឹក នឹងទៅចែកសំភារៈអនាម័យតាមដងផ្លូវជាមួយបង គីមសួរ ម្តងទៀត។

ហត់ ស្អុយ សកម្មភាពយ៉ាងណា សូមរង់ចាំទស្សនាវីដេអូទាំងអស់នូវសម្មកភាពនាងខ្ញុំផ្ទាល់ ថាតើជីវិតក្លាយជាកម្មកររើសសំរាម១ថ្ងៃនាងខ្ញុំហត់នឿយយ៉ាងណា? តើទំរាំពួកគាត់១ខែ៣០ថ្ងៃ ១ឆ្នាំ៣៦៥ថ្ងៃ តើពួកគាត់ពិបាកយ៉ាងណា? ហើយទទួលរងនូវអ្វីខ្លះ? មិនមែនសម្តែងទេ គឺធ្វើពិត ពេលនេះថ្ងៃនេះ នាងខ្ញុំ មិនមែនសូ ដានីតា ដែលលាបមុខស្អាតឡូយឆាយទៀតទេ។ សូ ដានីតា ថ្ងៃនេះ ជាកម្មការិនី សិនទ្រី ដ៏សាមញ្ញម្នាក់ តែប៉ុណ្ណោះ អរគុណបង គីមសួរ ដែលសហការរីករាយជាមួយនាងខ្ញុំនៅថ្ងៃនេះ ធ្វើអោយខ្ញុំស្គាល់ជីវិតដែលហៅថា រកសុីរស់នៅក្នុងគំនរភក់ជ្រាំ។

នាងខ្ញុំសូមសរសើរដល់បងប្អូនកម្មកររើសសំរាមទាំងអស់ ដែលអាចទ្រាំនឹងសំរាមស្អុយរលួយ និងលះបង់ខ្ពស់សំរាប់ការសំអាតទីក្រុង អោយមានសោភ័ណ្ឌភាព កុំស្អប់កុំរើសអើងគាត់ បើគ្មានពួកគាត់តើផ្ទះរបស់យើងស្អុយបែបណាទៅ?»៕