កាលពីមុននេះបន្តិច ក្រុមចំរៀងនារីកូរ៉េ BLACKPINK បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញប្រព័ន្ធផ្សព្វផ្សាយលើអ៊ីនធឺណេត ជាពិសេសគឺយូធូបតែម្តង ដោយបទចំរៀងថ្មីរបស់ពួកនាង “Kill This Love” បានទទួលការចាប់អារម្មណ៍ជាខ្លាំង និងទទួលបានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ស្រាប់តែមុននេះបន្តិចខាងផលិតកម្ម YG បានប្រកាសលុបចោលសន្និសីទ្ធសារព័ត៌មានរបស់ក្រុម BLACKPINK ទាក់ទងនឹងការវិលត្រលប់មកវិញរបស់ពួកនាង។

នៅព្រឹកថ្ងៃទី៥ ខែមេសា ផលិតកម្ម YG Entertainment បានប្រកាសជាផ្លូវការថានឹងលុបចោលសន្និសីទ្ធសារព័ត៌មានរបស់ BLACKPINK ដែលនឹងនិយាយទាក់ទងពីការវិលត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីនេះ។ ដោយក្រុមហ៊ុន YG បានសរសេររៀបរាប់ថា «ពួកយើងសម្រេចចិត្តថានឹងរំសាយសន្និសីទ្ធសារព័ត៌មានរបស់ក្រុម BLACKPINK ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ម៉ោង ១១​ : ០០ នាទី ព្រឹក ព្រោះតែមានហេុការណ៍ភ្លើងឆេះព្រៃយ៉ាងកាចសាហាវនៅតំបន់ Goseong Sokcho ខេត្ត Gangwon។ ពួកយើងសង្ឃឹមថាប្រិយមិត្តអ្នកគាំទ្រទាំងអស់ដែលរង់ចាំសន្និសីទ្ធសារព័ត៌មានមួយនេះនឹងយល់។ ពួកយើងក៏សូមផ្ញើកំលាំងចិត្តដលក្រុមការងារដែលបានយកចិត្តទុកដាក់យ៉ាងអស់ពីសមត្ថភាពក្នុងការពន្លត់ និងគ្រប់គ្រងស្ថានភាពភ្លើងឆេះនេះ»។

បញ្ជាក់ឲ្យដឹងផងដែរថាករណីភ្លើងឆេះព្រៃយ៉ាងកាចសាហាវនេះកើតឡើងនៅរសៀលថ្ងៃទី៤ ខែមេសា ក្នុងតំបន់ Goseong Sokcho ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និង១១នាក់ទៀតត្រូវប៉ាន់ស្មានថារងរបួស ព្រមទាំងជាង៣០០០នាក់ត្រូវជម្លៀសខ្លួនចេញ៕ ប្រភព៖ Allkpop