ដើមឆ្នាំ២០១៩នេះម្ចាស់បទដ៏ល្បី “ไสว่าสิบ่ถิ่มกัน” Kong Huayrai ដែលបងប្អូនភាគច្រើនស្គាល់តាមរយៈចំណងជើងខ្មែរ “ស៊ីបានចេះតែស៊ីទៅ” បានធ្វើឲ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍ជាខ្លាំង​ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍លក្ខណៈសាមញ្ញ ដោយចំណាយអស់មិនដល់២០០ដុល្លារផងឡើយ។ ស្រាប់តែថ្មីៗនេះតារាប្រុសរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មីក្រោយមានពាក្យចចាមរាមចោទប្រកាន់ថាខ្លួន និងភរិយាមានកូនអាយុ២ឆ្នាំរួចមកហើយ ទើបរៀបការដោយលាក់បាំងព័ត៌មាន។

យ៉ាងណាមិញប្រហែលមុននេះបន្តិច តារាចម្រៀងប្រុស Kong Huayrai បានប្រកាសសារភាពទទួលស្គាល់ចំពោះពាក្យចចាមរាម ដោយនិយាយថាខ្លួនពិតជាមានកូនមុនរៀបការជាមួយភរិយា ដោយកូនប្រុសរបស់លោកមានអាយុ២ឆ្នាំមកហើយ។ លោកបានថ្លែងសុំទោសប្រិយមិត្តអ្នកគាំទ្រ ដោយសារភាពថាខ្លួនមិនមែនជាមនុស្សល្អនោះឡើយ ហ៊ានធ្វើមិនហ៊ានទទួល តែលោកមានមូលហេតុព្រោះតែលោកចង់ប្រើជីវិតសាមញ្ញផ្ទាល់ខ្លួនមិនឲ្យមានភាពរញ៉េរញ៉ៃ។ យ៉ាងណាមិញលោកពិតជាសុំទោស និងព្រមទទួលកំហុសដែលខ្លួនលាក់បាំងការពិត ចំពោះមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកផ្ទាល់តែម្តង៕ ប្រភព៖ Sanook