កាលពីថ្មីៗនេះ សូ ដានីតា តារាសម្តែងស្រីជើងចាស់ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងក្រោយប្រកាសថានឹងប្រើជីវិតរស់នៅជាកម្មកររើសសម្រាមចំនួនមួយថ្ងៃដើម្បីដឹងពីទុក្ខលំបាករបស់ពួកគាត់។ នេះមិនមែនជាការនិយាយលេងសើចនោះឡើយ ដោយនាងពិតជានឹងធ្វើរឿងនេះពិតមែនមិនលេបពាក្យសម្តីនោះទេ ថែមទាំងមានការចូលរួមពីលោក តាន់ គីមសួរ និងលោក យ៉ែម សំអូន ផងដែរ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងដែលបានបង្ហោះឲ្យដឹងថា «រីករាយក្នុងជីវិត នៅពេលយើងមានអ្វីៗគ្រប់យ៉ាង តែយើងគ្រប់គ្នានៅត្អូញថាពិបាក ចុះទំរាំតែអ្នកអត់ អ្នកក្រ តើពួកគាត់ពិបាកយ៉ាងណា? ទោះយ៉ាងណាស្អែកម៉ោង៤ភ្លឺ នាងខ្ញុំ សូ ដានីតា នឹង បង យ៉ែម សំអូន រួមទាំងក្នុងក្រុមស្មគ្រ័ចិត្ត បង តាន់ គីមសួរ យើងខ្ញុំនឹងក្លាយខ្លួនជាកម្មកររើសសំរាម ចូលខ្លួនធ្វើការជាមួយបងប្អូនរើសសំរាមផ្ទាល់ ព្រោះតែមានគោលបំណង៣គឺ៖ ១. ចង់ដឹងថា តើពួកគាត់ប្រើជីវិតបែបណា និង ការហូបចុកគាត់បែបណា ហើយមានទុក្ខលំបាកអ្វីខ្លះ? ២. ពេលទៅធ្វើការជាមួយពួកគាត់ យើងខ្ញុំ ចង់បង្រៀនគាត់ អោយចេះមាន អនាម័យ ទាំងកាហូប និង ពេលធ្វើការ ៣. យើងខ្ញុំចង់ផ្សព្វផ្សាយអោយបងប្អូនប្រជាជន សូមមេត្តាចោលសំរាមអោយមានរបៀបរៀបរយ (មានថង់ច្រកត្រឹមត្រូវ)។

សង្ឃឹមថាបងប្អូនទាំងអស់នឹងរួមសហការក្នុងការចោលសំរាមអោយបានត្រឹមត្រូវ ហើយសូមមេត្តាកុំស្អប់ខ្ពើមពួកគាត់អ្នករើស អ្នកធ្វើការសំរាមអី បើគ្មានពួកគាត់ ផ្លូវ ផ្ទះ និងប្រទេសយើង ពិតជាមិនអាចបានស្អាតឡើយ ហើយសូមបងប្អូនដែលដើររើសសំរាមយក ដបរឺកំប៉ុងទុកលក់នៅតាមគំនរសំរាម រើសហើយជ្រកអោយវិញផង ងាយស្រួយដល់អ្នកមកយកតាមក្រោយ»៕