កាលពីថ្មីៗនេះតារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ ខាន់ ជេមស៍ បានធ្វើឲ្យបងប្អូនមហាជនចាប់អារម្មណ៍ជាខ្លាំងក្រោយបានចាប់ដៃគូច្រៀងជាមួយកញ្ញា បាន មុន្នីល័ក្ខ ក្នុងបទ “នាងដើរទូលក្អម” ដែលជាបទមរតកដើម រហូតដល់មានអ្នកគាំទ្រជាជនជាតិបរទេសសុំជួប និងថតរូបជាមួយព្រោះចិត្តស្រលាញ់ និងគាំទ្រ។ ក្រៅពីនោះ ខាន់ ជេមស៍ ក៏ហាក់មមាញឹកមិនធម្មតានោះឡើយជាមួយការងារសិល្បៈ ក្នុងរដូវកាលចូលឆ្នាំ ព្រោះខ្លួនបានត្រៀមចំរៀងថ្មីជាច្រើនបទសម្រាប់ចែកជូនបងប្អូនអ្នកគាំទ្រ។

យ៉ាងណាមិញមុននេះបន្តិចតារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យបងប្អូនមហាជនលាន់មាត់កោតសរសើរថាជាមនុស្សដឹងគុណ មិនភ្លេចដើមកំណើត ក្រោយពីលោកបានបង្ហោះសារអរគុណ និងរំលឹកគ្រាពេលដែលលោកនៅក្រ។ ដោយលោកបានសរសេររៀបរាប់ថា «មិនថានៅទីណាស្អាត ឬ មិនស្អាតមិនសំខាន់សំរាប់ខ្ញុំ។ អ្វីដែលសំខាន់ អោយតែបាននៅជាមួយមនុស្សដែលខ្ញុំស្រលាញ់គឺគ្រប់គ្រាន់ហើយ បងរ៉ុង និង បងលីន អ្នកទាំងពីរជាអ្នកមានគុណ មកលើរូបខ្ញុំពេលដែលខ្ញុំក្រលំបាក ហើយកន្លែងដែលខ្ញុំអង្គុយនេះហើយ ជាផ្ទះដែលខ្ញុំធ្លាប់ជួលនៅមួយខែ១៥ដុល្លា»។