ដូចតាមការសន្យា កាលពីម្សិលមិញនេះ តារាចម្រៀង ពេជ្រ សោភា ព្រមទាំងក្រុមការងារបានចុះមកសួរសុខទុក្ខផ្ទាល់ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៌ ស្រុកឈូក ខេត្តកំពត ដែលជាតំបន់ដាច់ស្រយាល់។ ក្នុងការចុះមកមើលផ្ទាល់នេះ ពេជ្រ សោភា បានចែកសំភារៈសិក្សាដល់សិស្សានុសិស្សចំនួន ១១០នាក់ មានសៀវភៅម្នាក់៣ក្បាល ប៊ិចម្នាក់៣ដើម ខ្មៅដៃម្នាក់៣ដើម ស៊ឺមីម្នាក់មួយ ខោអាវមួយកំផ្លេម្នាក់ ថវិកាម្នាក់ ៥ពាន់រៀល និងជូនថវិកាលោកគ្រូអ្នកគ្រូម្នាក់៥ម៉ឺនរៀល សរុបការចំណាយប្រហែល ២ពាន់ដុល្លារជាង។

កំពូលតារាចម្រៀង ពេជ្រ សោភា បង្ហាញនូវក្តីអាណិត ក្រោយបានឃើញជីវភាពរស់នៅរបស់បងប្អូននៅទីនោះ គ្មានមន្ទីរពេទ្យ ផ្សារ សាលារៀននៅជិត គ្មានរបស់ឆ្ងាញ់ហូប គ្មានរបស់ល្អប្រើ មានតែព្រៃនិងភ្នំជុំវិញ។ ប្រជាពលរដ្ឋនៅទីនោះបាននិយាយប្រាប់ ពេជ្រ សោភា ថាបើចង់ទិញម្ហូបឬរបស់ហូបឆ្ងាញ់គឺទាល់តែងើបពីម៉ោង៤ជិតភ្លឺឡើងទៅហើយត្រឡប់មកដល់ផ្ទះវិញគឺម៉ោង១ឬ២ល្ងាច ហើយបើខែវស្សាវិញពួកគាត់ទិញរបស់ណាទុកបានយូរមកទុកហូបដូចជាប្រហុកជាដើម។ ពេជ្រ សោភា បាននិយាយពីអារម្មណ៍ខ្លួនឯងប្រាប់បងប្អូនប្រជាពលរដ្ឋនៅទីនោះថា ខ្ញុំអាណិតអាសូរក្មួយៗណាស់ ខ្ញុំខ្លោចចិត្តដែលឃើញកន្លែងរៀនក្មួយៗរៀនលើដីជាមួយក្តារខៀនពុកមួយ ខ្ញុំរំភើបចិត្តនិយាយមិនចង់ចេញទេ ដែលបានមកចែក សៀវភៅ សំលៀកបំពាក់ ផ្សេងៗ ដល់ក្មួយៗ ខ្ញុំសម្រេចចិត្តថានឹងធ្វើសាលាជូនក្មួយៗអោយបាន។ ក្នុងនោះផងដែល ពេជ្រ សោភា ក៏បាន ប្រគល់លុយកក់ជាងមកធ្វើសាលារៀនចំនួន 1000$ ជូនលោកគ្រូអ្នកគ្រូនិងមេភូមិ ពេលជាងធ្វើបាន ៥០ភាគរយ ពេជ្រ សោភា នឹងប្រគល់គ្រប់តែម្តង ហើយគំរោងពេលសាងសង់សាលរៀនចប់ ពេជ្រ សោភា នឹងជីកអណ្តូងជូនមួយទៀត ហើយដាំដើមឈើក្នុងបរិវេណសាលាដើម្បីលម្អសាលាផងដែរ៕ ប្រភព៖ Siek Bunnary