កាលពីរាត្រីថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ តារាប្រុសស្រីចាស់ក្មេងជំនាន់មុន ជំនាន់ក្រោយជាច្រើននាក់បានមកជួបជុំគ្នាចូលរួមកម្មវិធីខួបកំណើតកំពូលតារាចម្រៀងស្រី មាស សុខសោភា បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ ពិតជាឱកាសកម្រមានណាស់ដែលតារាប្រុសស្រីល្បីៗឈ្មោះទាំងនោះបានមកជួបជុំគ្នា ព្រោះម្នាក់ៗសុទ្ធតែរវល់បំពេញការងាររៀងខ្លួន។

យ៉ាងណាមិញបើបានមកជុំគ្នាហើយមុខជាអធឹកអធមមិនធម្មតាឡើយ ព្រោះម្នាក់ៗសុទ្ធតែជាជើងខ្លាំង អ្នកខ្លះក៏ពូកែកូរគេកូរឯងទៀត។ ក្នុងនោះតារាប្រុសស្រីទាំងនោះយើងសង្កេតឃើញថាមានដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា, សុខ សីឡាលីន, ឆន សុវណ្ណរាជ, ហ្សូណូ, អ្នកនាង យក់ ថិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត, ករុណា ពេជ្រ, សុគន្ធ ថេរ៉ាយុ, ម៉ៃ សុគន្ធ ព្រមទាំងតារាប្រុសស្រីជាច្រើននាក់ទៀត។ ក្រៅពីនេះប្រិយមិត្តអ្នកគាំទ្ររបស់ មាស សុខសោភា ជាច្រើននាក់ក៏បានជូនពររូបនាងតាមរយៈបណ្តាញសង្គមផងដែរ៕