រដូវកាលឆេងម៉េង ចូលមកដល់បងប្អូនប្រជាជនខ្មែរដែលមានខ្សែស្រឡាយជាប់សាច់ឈាមជាចិនហាក់មមាញឹកជាខ្លាំងព្រោះត្រូវរៀបចំប្រដាប់ប្រដាជាច្រើនមុខសម្រាប់សែន។ ក្នុងនោះគេក៏សង្កេតឃើញថាតារាប្រុសស្រីជាច្រើននាក់នៅក្នុងប្រទេសកម្ពុជាក៏បានរៀបចំសែនដែរ ដោយឡែកកំពូលតារាចម្រៀងមួយរូបនៃព្រះរាជាណាចក្រកម្ពុជាលោក ខេមរៈ សិរីមន្ត ហាក់ទទួលការរិះគន់យ៉ាងដំណំពីសំណាក់មហាជនទៅវិញ។

ភ្លាមៗនោះលោក តាន់ គីមសួរ ក៏បានឆ្លើយតបភ្លាមៗទៅកាន់អ្នករិះគន់ចំពោះបញ្ហាលោក សិរីមន្ត ដោយសរសេររៀបរាប់ថា «ឆ្ងល់អស់លោកពូកែទើសគាត់មួយចំនួន៖ ខ្មៅទេ តែមកអីណាសែនចិន។ ឈ្មោះខ្មែរសោះ តែមកអីណាសែនចិន។ កាលមិនទាន់ល្បីមិនឃើញសែនទេ តែពេលល្បីមកអីណាសែនចិន។

សុំឆ្លើយ៖ ចិនអត់មានសម្បុរខ្មៅមែនទេ? ចិនមិនត្រូវអនុញ្ញាតិឲ្យប្រើឈ្មោះខ្មែរមែនទេ។ ចុះបើគ្នាមិនទាន់ល្បីផងធ្វើម៉េចអស់លោកចាប់អារម្មណ៍ថាគ្នាសែនឬមិនសែន? សូមបញ្ជាក់៖ មិនមែនដោយសារខ្ញុំជាប់ខ្សែស្រឡាយចិន ទើបបាននិយាយកាន់ជើង បងសិរិមន្ត បែបនេះទេ។ តែដោយសារតែខ្ញុំយល់ឃើញថា អ្នកដែលបំផុសឲ្យមានគំនិតហ្នឹងគឺចង់បំផ្លាញ បងសិរិមន្ត និងបំផុសឲ្យមានការប្រកាន់ពូជសាសន៍ ចេតនាធ្វើឲ្យសង្គមមួយនេះមានភាពចលាចលខ្លាំងតែម្តង»៕