គូស្នេហ៍វ័យក្មេងក្នុងសង្គមសិល្បៈដែលបងប្អូនស្គាល់ច្បាស់នោះគឺ ទេព បូព្រឹក្ស និង G-Devith ដែលជាដៃគូលលកញីឈ្មោល បណ្តើរគ្នាទៅណាត្រសងមិនឃ្លាតគ្នាមួយជំហានសោះឡើយ។ ក្រោយពេលដំណើរទស្សនកិច្ចរីករាយ និងថត Pre-Wedding នៅលើទឹកដីកោះម៉ាល់ឌីវ បានសម្រេចដោយជោគជ័យ តារាប្រុសស្រីមួយគូនេះក៏មិនភ្លេចស្នាដៃចម្រៀងថ្មីសម្រាប់ចែកជូនបងប្អូនប្រិយមិត្តអ្នកគាំទ្រនោះឡើយ។

ស្រាប់តែមុននេះបន្តិច ទេព​ បូព្រឹក្ស បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ជាពិសេសអ្នកគាំទ្រនាងផ្ទាល់តែម្តងភ្ញាក់ផ្អើលជាខ្លាំងដោយរូបនាងបានរៀនជំនាញថ្មីពីគូស្នេហ៍របស់នាង នោះគឺអាជីពជាអ្នកនិពន្ធទំនុកច្រៀង។ នេះបើតាមប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់នាងដែលបានសរសេររៀបរាប់ថា «មានទៅអន់អីម៉ាន មានសង្សារជាអ្នកនិពន្ធយូរៗទៅ ចេះនិពន្ធដែរហើយនៀក សាកសរសេរទំនុកច្រៀងខ្លួនឯងមួយមើល តែបទរាំវង់ទេណា ភ្លេង Melody ហើយឥឡូវថែមទាំងដឹកនាំសម្តែង ថតដោយផ្ទាល់ដៃឲ្យទៀត ដោយលោក G-Devith»។ យ៉ាងណាមិញយើងរង់ចាំតាមដានមើលទាំងអស់គ្នា ថាស្នាដៃថ្មីរបស់អ្នកទាំងពីរនឹងមានអ្វីប្លែកសម្រាប់ចែកជូន៕