កាលពីថ្មីៗនេះតារាសម្តែងស្រីជើងចាស់ សូ ដានីតា ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយរូបនាងត្រូវអ្នកក្នុងរង្វង់សិល្បៈកោតសរសើរថាជាគំរូដ៏ល្អមួយ ចេះគោរពនិងឲ្យតម្លៃការងារ ជាពិសេសគឺជាមនុស្សមានសណ្តានចិត្តល្អបរិសុទ្ធ។ ជាក់ស្តែងកាលពីថ្មីៗនេះនាងបានថ្លែងសុំទោសបងប្អូនអ្នកគាំទ្រ និងបងប៉ូលីសចរាចរណ៍ដោយទទួលខុសថានាងបានបំពានច្បាប់ជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព ព្រមជាមួយទំនួលខុសត្រូវទទួលកំហុសដោយសុំអធ្យាស្រ័យ។

មុននេះបន្តិចតារាស្រីរូបនេះត្រូវបានមហាជនលើកកោតសរសើរសារជាថ្មីតាមរយៈអំពើមនុស្សធម៌ដោយរូបនាងបានជូនជាថវិការមួយចំនួន និងធ្វើការណែនាំដល់ប្អូនរើសអេតចាយតាមផ្លូវ។ នេះបើតាមប្រភពគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ សូ ដានីតា ដែលបានសរសេររៀបរាប់ឲ្យដឹងថា «ចប់ការងារ មកវិញបានឃើញប្អូនប្រុសម្នាក់កកាយសំរាមតាមផ្លូវអាណិតណាស់! ចុះទៅសួរគាត់ពីជិវិតគាត់ ហើយ ណែនាំគាត់ពីរឿងខ្លះ ពេលគាត់បាសំរាមត្រូវមានម៉ាស់ និងប្រើស្រោមដៃអនាម័យពេលរើសសំរាម ព្រោះមេរោគអាចចូលតាមក្រចកដៃបាន និងជូនលុយតិចតួចសំរាប់ដល់គាត់ អាណិតណាស់ តែមានតែចិត្តទេ»៕