កូនប្រុសតារាកំប្លែងជើងចាស់លោក ពៅ គីសាន់ ដែលបងប្អូនភាគច្រើនស្គាល់ថានាយ ឆើត លោក គីសាន់ រ៉ៃយ៉ា បានធ្លាក់ខ្លួនមានជម្ងឺរលាកខ្នែងពោះវៀន តម្រូវឲ្យមានការវះកាត់ ដោយពេលនេះលោកកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) ភ្នំពេញ។ សិល្បៈករ សិល្បការិនី និងមហាជាច្រើននាក់ហាក់កំពុងព្រួយបារម្ភពីស្ថានភាពលោកជាខ្លាំង ក្នុងនោះប្រធានសមាគមមិត្តសិល្បៈខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មិនអាចឈរឱបដៃស្ងៀមបានឡើយ ដោយបានចាត់តំណាងលោក ប៉ែន ចំរ៉ុង និងក្រុមការងារចុះមកសួរសុខទុក្ខព្រមទាំងផ្តល់ជូនថវិកាមួយចំនួនដល់រូបលោកនៅឯមន្ទីរពេទ្យផ្ទាល់ផងដែរ។

តាមរយៈប្រភពគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក គីសាន់ រ៉ៃយ៉ា បានសរសេររៀបរាប់ឲ្យដឹងថា «ថ្ងៃនេះខ្ញុំបាទ គីសាន់ រ៉ៃយ៉ា សូមថ្លែងអំណរអគុណ ដល់បងប្រុស ហេង ឡុង និង បងស្រី ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានចាត់តំណាងសមាគមសិល្បករខ្មែរ មកសួរសុខទុក្ខ និងនាំថវិកាជូនខ្ញុំបាទ ដែលមានជំងឺរលាកខ្នែងពោះវៀន ទើបនឹងវះកាត់រួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) ។

ខ្ញុំបាទសូមគោរពជូនពរដល់ប្រធានសមាគមទាំងពីរ អោយរកទទួលទានមានបាន មានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល ៥ឆ្នាំ។ ខ្ញុំបាទ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត»៕