ករណីយុវតីម្នាក់បានបាត់បង់ជីវិតព្រោះតែត្រូវរថយន្តទំនើបម៉ាក Range Rover បុកស្លាប់ ហាក់ផ្ទុះខ្ទរខ្ទារពេញបណ្តាញសង្គម ដោយមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។​ ក្នុងនោះ សូ ដានីតា តារាសម្តែងស្រី មានទេពកោសល្យខ្ពស់ក៏បានចូលរួមបង្ហោះសាររំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។

ដោយនាងបានសរសេររៀបរាប់ទាំងក្តុកក្តួលចិត្តថា «ពិតជាអាណិតប្អូនស្រីខ្លាំងណាស់ ស្លាប់ដោយវ័យក្មេង ព្រមទាំងមានចំណេះពេញខ្លួន និងជាកូនស្រីដ៏ល្អក្នុងគ្រួសារ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺជាគំរូមួយដល់បងប្អូនណាដែលចូលចិត្តបើកបរក្នុងល្បឿនលឿន ហើយពេលមានបញ្ហាកើតឡើងបែបនេះ ម្នាកស្លាប់គឺស្លាប់បាត់ គ្រួសារអ្នកស្លាប់យំសោកបោកខ្លួនដែលត្រូវព្រាត់ បងប្អូន កូន ប្រពន្ធប្តី ហើយឯអ្នកបង្ករហេតុបានត្រឹមតែមានវិប្បដិសារី និងមានទោសជាប់ខ្លួន ហើយរត់គេចខ្លួន។

តែទោះជាមានសំណងសងជីវិតពិតមែនតែគ្មានអ្នកណាចង់បានឡើយ គួរចាំថា សម័យនេះទោះបុកគេហើយរត់គេច ក៏មិនងាយផុតដែរ ព្រោះនៅតាមផ្លូវមុខហាងនានា គឺភាគច្រើនមានកាំមេរ៉ាសុវត្ថិភាពសឹងតែគ្រប់កន្លែង និងប្រទេសជឿនលឿនប្រជាជនមាន Smartphone កាន់គ្រប់ៗគ្នា ទោះរឿងអីក៏ដោយ ក៏មិនងាយបិទជិតដែរ។ នេះជាគឺគំរូមិនល្អមួយសំរាប់អ្នកបើកបរលឿន សូមបងប្អូនទាំងអស់កុំបើកលឿនពេក អ្នកបើកបរត្រូវគិតខ្លាចបញ្ហាជាមុនទើបមិនមានជួបរឿងបែបនេះ គួរគិតថា ពេលប៉ះគ្នា យើងចេះឈឺ គេក៏ចេះឈឺ យើងខ្លាចស្លាប់ខ្លាចជួបបញ្ហា គេក៏ខ្លាចដូចគ្នា ទោះម្នាក់នោះជាអ្នកក្រីក្រក៏ដោយ»៕