គឹម សីហា អតីតតារាសម្តែងប្រុសដែលជាស្វាមីអ្នកនាង គង់ ចាន់ស្រីមុំ និងជាឪពុករបស់នាងតូចគួរឲ្យស្រលាញ់ ម៉ូម៉ូ បានបង្ហាញអារម្មណ៍សោកស្តាយ និងក្តុកក្តួលចិត្តជាខ្លាំងក្រោយពីបានឃើញពត៌មានយុវតីមួយរូបត្រូវបាត់បង់ជីវិត ព្រោះតែគ្រោះថ្នាក់ចរាចរណ៍។

លោកបានសរសេររៀបរាប់នៅលើគណនីផ្ទាល់ខ្លួនថា «នៅសុខៗ ក៏មានគេទូរស័ព្ទថា កូនស្រីគាត់បានឃ្លាតឆ្ងាយហើយ ឆ្ងាយរហូតមិនអាចត្រលប់វិញបាន សុខៗក៏បាត់បង់កូន ដែលមានតម្លៃស្មើកែវភ្នែក។ ទោះពួកគាត់ក្រីក្រមិនមានហឺហារដូចគេ គ្មានលុយទិញរបស់ល្អៗអោយកូន តែគាត់ខិតខំចិញ្ចឹម និងអប់រំកូន អោយក្លាយជាក្មេងស្រីម្នាក់ដែលមានចំនេះដឹង អាចរៀនបានខ្ពង់ខ្ពស់ និងមានអត្តចរិតល្អ គ្រប់គ្នាគោរពស្រលាញ់ ហើយជាក្តីសង្ឃឹមដ៏ធំធេងបំផុតសំរាប់ពួកគាត់។ តែក្តីសង្ឃឹមនោះត្រូវរលាយអស់ ក្នុងថ្ងៃនេះ។ ធ្លាប់គិតថាកូនអាចនឹងមានការងារសមរម្យ រកបានគូអនាគតល្អម្នាក់ បង្កើតបានគ្រួសារដ៏កក់ក្តៅ និងអាចផ្តល់ស្នាមញញឹមដល់ពួកគាត់ នៅពេលចាស់ទៅ។ ពេលនេះ វាគ្រាន់តែជាក្តីស្រមៃដ៏ខ្មៅងងឹតមួយ ដែលមិនអាចកើតមានឡើងជារៀងរហូត។ គ្រប់យ៉ាង ផ្តើមចេញពីការធ្វេសប្រហែស របស់អ្នកបើកបរ ដែលឈ្លក់វង្វេងនឹងអំណាច មាសប្រាក់ ភាពហឺហារ រហូតធ្លាក់ខ្លួនឆ្គួតលីលា មើលស្រាលជីវិតអ្នកដទៃ។ តើចុងក្រោយ ពួកគេនឹងមានទោសធ្ងន់ប៉ុណ្ណា? មួយថ្ងៃហើយ នៅមិនទាន់បានបង្ហាញមុខជនបង្កផង បានត្រឹមតែទូរសព្ទ័ប្រាប់ប៉ូលីសថា ចាំស្អែកចាំខ្លួនដោះស្រាយ។ រឺក៏ស្អែកឡើង ត្រឹមជាការសងជម្ងឺចិត្ត បង់ប្រាក់ពិន័យមួយចំនួន ដោយសំអាងថាវាជាគ្រោះថ្នាក់ ដោយអចេតនា?

ចុងក្រោយ ដំបៅដ៏ធំធេង ឈឺចាប់គ្មានថ្ងៃរលុបបាត់ នៅតែត្រូវធ្លាក់ទៅលើឪពុកម្តាយជនរងគ្រោះតែម្ខាង។ មិនយូរទេ អ្នកគ្រប់គ្នានឹងភ្លេចពីរឿងនេះ ជនបង្ករនឹងរួចផុតពីទោស តែបេះដូងពុកម៉ែនឹងនៅតែដង្ហោយរកកូនរហូត។ កូនស្រីដែលតែងតែគិតដល់ពុកម៉ែ កូនស្រីដែលខិតខំតស៊ូក្នុងជីវិត កូនស្រីដែលសន្យាថា នឹងជួយមើលថែនៅក្បែរពុកម៉ែ ពេលដែលលោកចាស់ទៅ។ ថ្ងៃនេះ កូនបានចាកចេញទៅហើយ ទៅចោលពុកម៉ែហើយ ដោយមិនបានបន្សល់ទុកសូម្បីតែពាក្យថាលា។ តើមានអ្នកណា អាចជួយរំលែកភាពឈឺចាប់ ដែលគ្មានសម្លេងនេះបាន? នេះរឺជាយុត្តិធម៌ពិត នៅក្នុងសង្គមយើងសព្វថ្ងៃ? កូនអ្នកមាន ដើរលេងហឺហារ បើកឡានដូចហោះ បុកសម្លាប់កូនអ្នកក្រ ដែលខំជិះម៉ូតូទៅរៀនផង ឆ្លៀតធ្វើការផង មិនដែលបានសម្រាក ខំតស៊ូដើម្បីក្រុមគ្រួសារ។ ទីបំផុត មនុស្សល្អក៏ត្រូវបាត់បង់ជីវិត យ៉ាងផុយស្រួយ។

ពេលខ្លះ ខ្ញុំចង់សួរទៅជនបង្កថា តើអ្នកធ្លាប់ស្តាយក្រោយ ហើយអាណិតគ្រួសារជនរងគ្រោះទេ ដែលបានបុកសម្លាប់កូនគេបែបនេះ? ទោះអ្នកមិនមានបំណង តែវាបានកើតឡើងដោយសារ ការប្រមាថជីវិតគេ ចាត់ទុកជីវិតគេជាសំរាម មិនស្មើនឹងភាពឡូយឆាយរបស់អ្នក។ ដោយសារជាតិនេះ អ្នកមានសំណាង អ្នកមានលុយច្រើន អ្នកគិតថាខ្លួនអ្នកអស្ចារ្យ ហើយគិតថាគ្រប់គ្នានឹងស្ងប់ស្ងែងអ្នក។ តែការពិតអ្នកគិតខុសហើយ មានតែមនុស្សចរិតអន់ដូចអ្នកប៉ុណ្ណោះ ទើបកោតសរសើរអ្នក។ ក្នុងកែវភ្នែកមនុស្សស្អាតស្អំទាំងឡាយ អ្នកត្រឹមជា មនុស្សឆ្គួតនឹងទ្រព្យសម្បត្តិ និងជាឃាតករដែលបំផ្លាញសេចក្តីសុខគេប៉ុណ្ណោះ។ សូមចាំថា បាបកម្មជាតិនេះ អ្នកនឹងទូលរែក នៅថ្ងៃណាមួយមិនខាន ខ្ញុំសរសេរវែងបែបនេះ ព្រោះតែឈឺចិត្ត អាណិតជនរងគ្រោះ ដែលជាមនុស្សល្អ បែរជាត្រូវជួបរឿងឈឺចាប់តែចង់ស្រែកមិនបាន។ តូចចិត្ត មិនគួរណាពិភពលោកបង្កើតមនុស្ស អោយមានវាសនាខុសគ្នាបែបនឹងទេ»៕