ឈិត សុវណ្ណបញ្ញា តារាចម្រៀងស្រីសម្លេងស្រទន់រូបសម្រស់ស្រស់ស្អាត មានបទពិសោធន៍ខ្ពស់ និងសមត្ថភាពមិនធម្មតាអាចច្រៀង និងរាំបានយ៉ាងរស់រវើក។ ក្រោយពីបានបើកហាងជំនួញរកស៊ីផ្ទាល់ខ្លួនតារាស្រីរូបនេះហាក់មមាញឹកជាមួយការងារជាខ្លាំងព្រោះត្រូវគ្រប់គ្រងជំនួញផង ត្រូវចេញសម្តែងផង។ យ៉ាងណាមិញគេមិនដែលបានឃើញតារាស្រីរូបនេះនិយាយពាក់ព័ន្ធនឹងរឿងស្នេហានោះឡើយ ជាពិសេសគឺមិនដែលបានបង្ហាញមុខគូស្នេហ៍ជាសាធារណៈម្តងណាឡើយ។

ស្រាប់តែមុននេះបន្តិច ឈិត សុវណ្ណបញ្ញា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង​ ដោយរូបនាងបានបង្ហាញរូបភាពដ៏ផ្អែមល្ហែមជាមួយបុរសម្នាក់ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រគិតថាជាគូស្នេហ៍ជាលើកដំបូងលើទឹកដីកោះម៉ាល់ឌីវ។ ដំណឹងនេះហាក់រង្គោះរង្គើខ្លាំងជាពិសេសពីសំណាក់ហ្វេនគាំទ្ររបស់នាងផ្ទាល់តែម្តង ព្រោះនេះជាលើកដំបូងដែលរូបនាងបង្ហាញរូបថតស្និទ្ធស្នាល ស៊្វីតៗបែបនេះ។ គេក៏សង្កេតឃើញថាមហាជនជាច្រើនបានសម្តែងអារម្មណ៍ រីករាយ ព្រមទាំងសង្ឃឹមថាអាចទទួលបានដំណឹងល្អពីរូបនាងឆាប់ៗនេះ៕