នាយ ចេក តារាកំប្លែងជើងចាស់ដែលបងប្អូនស្គាល់ច្បាស់ថាជាសមាជិកកំប្លែងមួយរូបក្នុងក្រុមពូ កុយ ដែលតែងធ្វើឲ្យបងប្អូនផ្ទុះសំណើចជាមួយសំនួនវោហាស័ព្ទមិនចេះរីងស្ងួត ព្រមជាមួយកាយវិការកំប្លុកកំប្លែង។ រយៈក្រោយនេះគេពុំសូវឃើញវត្តមានរបស់លោកតា ចេក ប៉ុន្មាននោះឡើយ ដោយលោកហាក់ស្ងប់ស្ងាត់បាត់ដំណឹងសូន្យឈឹងពីពិភពសិល្បៈតែម្តង។ ខណៈពេលរដូវកាលចូលឆ្នាំមកដល់តារាប្រុសស្រីជាច្រើនរូបហាក់មមាញឹកខ្លាំងដោយឡែក នាយ ចេក ក៏បានបង្ហាញពីភាពខ្វះខាត ខណៈដែលទទួលបានការងារមួយអាទិត្យម្តង តែប៉ុណ្ណោះ។

ជាក់ស្តែងណាស់ នាយ ចេក បានបង្ហោះសារតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនដោយសរសេររៀបរាប់ថា «យប់នេះនៅផ្សាររាត្រីមួយអាទិត្យបានម្ដងនឹងគេដែរកុំអោយក្មេងៗភ្លេចមុខកាលពីមុនក្មេងហៅដារាឥឡូវក្មេងហៅតារាម្យ៉ាងដែរ ជិតចូលឆ្នាំហើយយូរៗបានម្ដងចុឹងដឹងចាយបានបីថ្ងៃអត់។ ណាស់ហើយកុំគិតច្រើនពេកភ្លេចៗចាស់មួយឆ្នាំទៀតហើយខ្ញុំតើមានបងប្អូនណា គិតដូចខ្ញុំអត់»។ ក្រោយមកគេក៏សង្កេតឃើញថាមហាជន និងប្រិយមិត្តជាច្រើនបានសម្តែងសេចក្តីនឹករលឹក ព្រមទាំងអំពាវនាវឲ្យខាងក្រុមហ៊ុនទូរទស្សន៍ និងផលិតកម្មហៅគាត់ចូលមកលេងកំប្លែងឲ្យបានញឹកញាប់វិញផង៕