ពេជ្រ សោភា តារាចម្រៀងស្រីដែលបងប្អូនស្គាល់ច្បាស់ថាមានបទពិសោធន៍ខ្ពស់ និងពូកែកូរ អមជាមួយភាពក្រមិចក្រមើមគួរឲ្យស្រលាញ់។ គិតមកទល់ពេលនេះតារាស្រីរូបនេះប្រឡូកសិល្បៈអស់រយៈពេល១៥ឆ្នាំមកហើយ តែនាងនៅតែអាចរក្សាតំណែងជាតារាស្រីជួរមុខមួយរូបប្រចាំប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែបងប្អូន មិនថាការចេញថតចម្រៀង សម្តែងតាមខនសឺត ឬក៏ថតស្ពតពាណិជ្ជកម្មនោះឡើយ។

ថ្មីៗនេះ ពេជ្រ សោភា បានធ្វើឲ្យបងប្អូនប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងដោយបានបង្ហាញរូបថតក្រៅឆាកប៉ុន្មានសន្លឹកជាមួយការបង្ហើបប្រាប់ថា នាងកំពុងថតស្ពតឲ្យផលិតផលមួយដោយមានការចូលរួមពីប្អូនប្រុស ឆេង ប្រសិទ្ធ បេក្ខភាព The Voice Kids Cambodia រដូវកាលទី២ រួមជាមួយ កញ្ញា ដែលជាបេក្ខជនក្នុងកម្មវិធីល្បីលំដាប់ពិភពលោក Master Chef Khmer។ ក្រោយពីបានឃើញអ្នកទាំងបីត្រូវបានមកជួបប៉ះគ្នា មហាជនជាច្រើនក៏បានបង្ហាញអារម្មណ៍គាំទ្រ និងសប្បាយចិត្តដោយបានឃើញសុទ្ធសឹងតែជាតារាក្នុងដួងចិត្តមកចូលរួមថតពាណិជ្ជកម្មជាមួយគ្នាបែបនេះ៕