មរណៈភាពរបស់តារាចម្រៀង ខេមរៈ​ ស្រីពៅ បានធ្វើអោយមហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និងសង្វែកយ៉ាងខ្លាំង ចំពោះការបាត់បង់តារាដែលមានសមត្ថភាព និងទាំងមានវ័យនៅក្មេងបែបនេះ។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់សាច់ញាតិរបស់ ខេមរៈ ស្រីពៅ បានឲ្យដឹងថា ចេតិយតម្កល់ធាតុរបស់តារាស្រីរូបនេះ កំពុងតែសាងសង់ធ្វើយ៉ាងណាឲ្យរួចរាល់មុន​ បុណ្យគំរប់១០០ថ្ងៃ ដែលអាចនឹងធ្វើឡើងនៅដើមខែឧសភា។

ចេតិយរបស់ ខេមរៈ ស្រីពៅ ត្រូវបានសាងសង់នៅ​ឯវត្តគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាទីតាំងដែលនាងបានសាងសង់នូវរូបសំណាកមួយជាសមិទ្ធផលសាសនាចុងក្រោយដែល ខេមរៈ ស្រីពៅ កសាងទុកក្នុងវត្តអារាម។ គួរបញ្ជាក់ម្តងទៀតថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពក្នុងអាយុ២៨ឆ្នាំ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យ នៃប្រទេសឥណ្ឌា ដោយជំងឺសួតនិងក្រលៀន ហើយសពក៏បានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ និងធ្វើបុណ្យតាមប្រពៃណី៕