សូ ដានីតា តារាសម្តែងស្រីមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាពខ្ពស់គួរឲ្យកត់សម្គាល់។ កាលពីថ្មីៗនេះតារាស្រីរូបនេះបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ដោយនាងបានប្រាប់ថានឹងប្រើជីវិតជាកម្មករប្រមូលសំរាមមួយថ្ងៃ ដើម្បីយល់ពីទុក្ខលំបាករបស់ពួកគាត់។ ពេលនេះស្របពេលដែលប្រធានបទកង្វះខាតអគ្គិសនី និងទឹកកំពុងតែក្តៅគគុកក្នុងបណ្តាញសង្គម តារាស្រីរូបនេះក៏បានបញ្ចេញមតិយោបល់ក្នុងរឿងនេះដែរ។

ដោយនាងបានទទូចសុំអង្វរមហាជនជាមួយសារសរសេររៀបរាប់ថា «១រយៈពេលនេះទៅណាមកណាក៏គេនិយាយរឿងដាច់ភ្លើងដែរ ផ្ទះខ្ញុំក៏ចឹងដូចគ្នា (មិនត្រឹមតែដាច់ភ្លើងញឹកញាប់ទេ សូម្បីតែទឹកក៏ឡើងមិនដល់បន្ទប់ខាងលើដែរ) និយាយពីរឿងភ្លើង បើតាមការគិតទៅ គឺប្រហែលមកពីអាកាសធាតុក្តៅខ្លាំងពេក អ្នកប្រើចំនួនច្រើនកើនឡើង ទើបមានរអាក់រអួលខានផ្នែកអគ្គីសនីបែបនេះ ហេតុដូច្នោះនាងខ្ញុំសុំអោយបងប្អូនសូមមេត្តាកុំស្តីបន្ទោសពួកគាត់អី ព្រោះពួកគាត់ក៏កំពុងតែខំប្រឹងសំរួលកុំអោយមានបញ្ហាចឹងទៀតដែរ ណាមួយការងាររបស់ពួកគាត់គឺសុទ្ធតែផ្សងគ្រោះថ្នាក់ដល់ជីវិតបើសិនជាគាត់ភ្លាត់ស្នៀតអ្វី១នោះ អាស្រ័យដូច្នោះសូមមេត្តាយល់យោគកុំជេរស្តីពួកគាត់ កុំអោយពួកគាត់មានការអន់ចិត្តទៀតអី។

បងប្អូនមើលចុះ កណ្តាលថ្ងៃចែសខ្សែរភ្លើងសុទ្ធតែខ្សែរក កម្ពស់ក៏ខ្ពស់ ក្តៅក៏ក្តៅ តែពួកគាត់ខំធ្វើការយ៉ាងនេះគឺក៏ដោយសារខ្ញុំ នឹងបងប្អូនទាំងអស់គ្នា ហើយពួកគាត់ក៏មិនចង់អោយមានរឿងការខ្វះខាតភ្លើងបែបនេះដែរ។ សូមអរគុណ នាងខ្ញុំ សង្ឃឹមថាបងប្អូននឹងយល់ ហើយអធ្យាស្រ័យ កុំជេរស្តីអោយពួកគាត់ទៀត»៕