ម៉ាដូណា តារាពហុជំនាញតែងតែធ្វើឲ្យបងប្អូនផ្ទុះសំណើចតាមរយៈកាយវិការកំប្លុកកំប្លែងប្លែកៗ និងមានភាពច្នៃប្រឌិត។ តារាពហុជំនាញរូបនេះ តែងតែបង្អួតក្តីសុខសុភមង្គលជាមួយគូស្នេហ៍កម្លោះវ័យក្មេងរបស់ខ្លួនពេញបណ្តាញសង្គម ធ្វើឲ្យបងប្អូនមហាជនជាច្រើនភ្ញាក់ផ្អើល និងលួចច្រណែន។ បើទោះបីជាធ្លាប់ឈ្លោះគ្នា មិនចុះសម្រុង តែម៉ាដូណា និងគូស្នេហ៍មិនដែលចាកចេញចោលគ្នានោះឡើយ ដោយឈ្លោះត្រូវៗ ព្រោះតែនេះជាជីវិតគូស្នេហ៍ តែងតែមានរឿងរង្គោះរង្គើតែនៅប្រកាន់ខ្ជាប់គោលជំហរថានឹងរង់នៅជាមួយគ្នា។

ថ្មីៗនេះ ម៉ាដូណា បានធ្វើឲ្យបងប្អូនមហាជន ជាពិសេសអ្នកគាំទ្ររូបលោកភ្ញាក់ផ្អើលជាខ្លាំងដោយបានបង្ហោះរូបមានចិញ្ចៀនជាមួយសារមួយឃ្លាថា «បងតែម្នាក់ដែលខ្ញុំអាចរស់នៅនឹងចង់រៀបការជាមួយម្នាក់នោះគឺ Heng-Try Nop សៀមរាប now»។ លើសពីនេះ ម៉ាដូណា ក៏បានប្តូររូប Profile ទៅជារូបពីរនាក់ថែមទាំងហៅគូស្នេហ៍វ័យក្មេងរបស់ខ្លួនថាប្តីៗពេញៗមាត់តែម្តង។ យ៉ាងណាមិញក្រោយពីបានឃើញបែបនេះបងប្អូនសិល្បករ សិល្បការិនី និងអ្នកគាំទ្រក៏បានជូនពរពួកគេទាំងពីរឲ្យមានសុភមង្គល និងស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕