កាលពីពេលថ្មីៗនេះ អ្នកស្រី តាត គឹមលន ហៅអ៊ូចកុលាប ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានហោះពីប្រទេសន័រវេស មកដល់មាតុភូមិ ក្រៅពីមកសួរសុខទុក្ខសាច់ញាតិជាច្រើនខែ អ្នកស្រី តាត គឹមលន ក៏ត្រៀមដោះស្រាយបញ្ហាលើករណីអ្នកចម្រៀងជំនាន់ក្រោយបាន​រំលោភ​កម្មសិទ្ធិ​បញ្ញា។ ក្នុងនោះផងដែលក៏មានការចុះផ្សាយថា អ្នកស្រីនឹងមកដាក់ពាក្យបណ្តឹងប្តឹងនាយចឺម រឿងកាឡៃបទចម្រៀង “អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា” ដោយបទចម្រៀងនេះគឺមាន Melody ពីបទចម្រៀងមរតកដើម ពោលគឺបទ “នឹកភូមិភ្នំធំ” ដែលជាការនិពន្ធដោយកវីលោក គង្គ ប៊ុនឈឿន ថែមទាំងខាងផលិតកម្មមិនបានដាក់ថានិពន្ធដោយមរតកដើមឡើយ។

ក្រោយពីមានការចុះផ្សាយបែបនេះមានមហាជនជាច្រើនបានសម្តែងការគាំទ្រ ប៉ុន្តែក៏មានមហាជនមួយចំនួនបានបញ្ចេញមតិមិនសមរម្យរហូតជេរប្រទិចដាក់ភរិយាម្ចាស់កវីស្ទឹងសង្កែ។ យ៉ាងណាមិញក្រោយពីមានការប្រមាថបែបនេះ ខាងសាច់ញាតិរបស់លោកតា គង់ ប៊ុនឈឿន ក៏បានចេញមុខមកបញ្ជាក់ថា អ្នកស្រី តាត គឹមលន មិនបានមករករឿងនាយចឺមនោះទេ ពោលគឺមកដោះស្រាយបញ្ហាជាមួយនីងរឿងកម្មសិទ្ធបញ្ញានេះជាមួយផលិតកម្មសាន់ដេក៏ដូចជាផលិតកម្មផ្សេងៗ។

ដោយ ខាងសាច់ញាតិ បានបកស្រាយនៅលើហ្វេសប៊ុកផេក កវីស្ទឺងសង្កែ គង់ ប៊ុនឈឿន យ៉ាងដូច្នេះថា៖ “ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសុំបញ្ជាក់នូវរឿងមួយ ដែលភាគច្រើនក្នុងការចុះផ្សាយថាគឺក្រុមគ្រួសារខ្ញុំកំពុងទៅប្ដឹងនាយចឹម ប្រតិកម្មផ្សេងៗដែលយក នាយចឹមជាគោលដៅ តាមពិតមិនមែនសំខាន់ចំពោះនាយចឹម ទាំងស្រុងនោះទេ អ្នកចមៀងទូទៅគឺច្រៀងតាមផលិតកម្មតម្រូវដែលអ្នកម្ដាយខ្ញុំមកដល់ស្រុកខ្មែរគឺជាគម្រោងទុកយូរមកហើយ គឺមកដើរកម្សាន្តលំហែកាយ ជួបជុំកូនចៅ និងស្នាក់នៅរយៈពេលយូរ បូកផ្សំនឹងមានរឿងនេះកើតឡើង។ ក៏បានតម្រូវអោយម៉ាក់មកដោះស្រាយបញ្ហាជាមួយនីងរឿងកម្មសិទ្ធបញ្ញានេះជាមួយផលិតកម្មសាន់ដេក៏ដូចជាផលិតកម្មផ្សេងៗដែលកន្លងមកតែងតែបានលួចយកស្នាដៃរបស់លោកប៉ាខ្ញុំនិងអ្នកនិពន្ធជំនាន់មុនទុកជាគំរូកុំឱ្យចេះតែមានអ្នកលួចបន្លំយកស្នាដៃមិនថាតែជាស្នាដៃរបស់លោកប៉ាខ្ញុំឬក៏ជាស្នាដៃអ្នកនិពន្ធក្នុងផលិតកម្មផ្សេងៗទៀតត្រូវបានទទួលនូវសិទ្ធិបញ្ញាយ៉ាងពិតប្រាកដ។ល។

ខាងក្រសួងគាត់មានវិធានការរបស់គាត់ហើយ ចំណែកក្រុមគ្រួសារខ្ញុំតាំងពីដើមទីមកក៏មិនដែលចង់មានបញ្ហាអីវែងឆ្ងាយឬការប្ដឹងផ្ដល់អីដែរទេពីព្រោះនេះមិនមែនជាលើកដំបូងទេគឺវាមានជាហូរហែកន្លងមករាប់សិបឆ្នាំទៅហើយ ពេលដែលលោកប៉ាខ្ញុំនៅមានជីវិតគឺគាត់តែងតែប្រៀនប្រដៅឲ្យពួកយើងចេះស្រឡាញ់រាប់អានគ្នាក្នុងនាមជាខ្មែរដូចគ្នា។ គាត់បានដឹងរឿងនេះពីយូរណាស់មកហើយប៉ុន្តែគាត់មិនដែលចង់មានបញ្ហាអីទេ ទោះបីជាគាត់ឈឺធ្ងន់រស់នៅស្រុកគេគេងពេទ្យហើយក៏គាត់នៅតែព្យាយាមសរសេរអត្ថបទប្រលោមលោកផ្សេងៗដើម្បីបន្សល់ទុកនូវស្នាដៃដល់កូនខ្មែរជំនាន់ក្រោយៗដែរ។ ពួកខ្ញុំមិននិយាយចំពោះតែបុគ្គលម្នាក់ទេគឺខ្ញុំនិយាយចំពោះបុគ្គលទូទៅដែលតែងតែបានផលចំណេញពីញើសឈាមអ្នកដទៃ លោកប៉ានាងខ្ញុំគាត់តែងនិយាយថាគាត់មានការសោកស្តាយដែលបានចាកចេញពីស្រុកកំណើតជាទីស្រឡាញ់របស់គាត់រួមទាំងមិនដែលបានបង្ហាត់បង្រៀនដល់កូនខ្មែរជំនាន់ក្រោយអោយបានទទួលនូវចំណេះដឹងផ្ទាល់អំពីការនិពន្ធបទភ្លេងនិងសរសេរសៀវភៅរបស់គាត់។

ដូច្នេះសូមកុំចេះតែចោទប្រកាន់ថាក្រុមគ្រួសារនាងខ្ញុំចូលចិត្តចង់ប្តឹងផ្តល់ខ្មែរគ្នាឯងនោះ គ្រួសារខ្ញុំមិនមែនជាប្រភេទមនុស្សជាន់ពន្លិចឬក៏មិនទុកឱកាសអោយនរណាម្នាក់ដែរ។ ចំពោះបងប្អូនខ្លះដែលគាត់បានប្រើពាក្យមិនសមរម្យជាខ្លាំងចំពោះអ្នកម្ដាយវ័យជរារបស់ខ្ញុំដែលថាដូចបងប្អូនឃើញខាងក្រោមនេះស្រាប់ ខ្ញុំមិនចង់ប្រកាន់ទោសវែងឆ្ងាយទាំងតារាចម្រៀង ឬ អ្នកគាំទ្រ អីនោះទេ ប៉ុន្តែសូមមេត្តាគិតពិចារណាឡើងវិញផង មុននឹងប្រើពាក្យអសុរោះទាំងនេះចំពោះគាត់។ ហើយជាចុងក្រោយនេះផងដែរ ក្រុមគ្រួសារនាងខ្ញុំទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរទូទៅនៅក្នុងពិភពលោកនេះដែលតែងតែបានគាំទ្រនូវស្នាដៃនិពន្ធរបស់លោកប៉ាខ្ញុំរួមទាំងការលើកទឹកចិត្ត និងជំរុញឱ្យពួកខ្ញុំបានដើរទៅរកនូវភាពយុត្តិធម៌សម្រាប់ការថែរក្សាស្នាដៃរបស់លោកប៉ាខ្ញុំ ក៏ដូចជាលោកអ្នកនិពន្ធផ្សេងទៀតដែលត្រូវបានគេលួចបន្លំយកស្នាដៃយកមកកែច្នៃតាមរូបភាពផ្សេងៗពួកខ្ញុំសុទ្ធតែជាអ្នកស្រឡាញ់និងគាំទ្រសិល្បៈយើងខ្លាំងណាស់ ពិសេសគឺស្នាដៃកូនខ្មែរយើង”។

គួររំលឹកផងដែលថា​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់​សិទ្ធ​គ្រប់​គ្រង​ស្នាដៃ​តែង​និពន្ធ​បទ​ចម្រៀង​៤១​បទ​របស់​លោក គង្គ ប៊ុនឈឿន ទៅ​ឲ្យ​ភរិយាលោក គង្គ ប៊ុនឈឿន ​ជា​អ្នក​គ្រប់​គ្រង។ លោក មុត ថារី ដែលជាកូនប្រសារក៏ធ្លាប់បានសំណូមពរដល់ផលិតករទាំងអស់បញ្ឈប់ជាបន្ទាន់រាល់ការកាឡៃបទចម្រៀងដើម មកធ្វើជាស្នាដៃរបស់ខ្លួន៕