អ្នកស្រី តាត គឹមលន ហៅអ៊ូចកុលាប ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានមកដល់ប្រទេសកម្ពុជាហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមការបង្ហោះរបស់លោក មុត ថារី ដែលជាកូនប្រសារបានសរសេរថា៖ “ការអញ្ចេីញមកដល់មាតុភូមិរបស់លោកស្រីតាត គឹមលន ភរិយាកវីម្ចាស់ស្ទឹងសង្កែគង្គ​ ប៊ុនឈឿន”។

ក្នុងការត្រឡប់មកលើកនេះ មានការចុះផ្សាយយ៉ាងព្រោងព្រាតថា ក្រៅពីមកសួរសុខទុក្ខសាច់ញាតិជាច្រើនខែ អ្នកស្រី តាត គឹមលន ក៏ត្រៀមដោះស្រាយបញ្ហាលើករណីអ្នកចម្រៀងជំនាន់ក្រោយបាន​រំលោភ​កម្មសិទ្ធិ​បញ្ញា។ ជាមួយនឹងការលេចលឺនូវដំណឹងនេះ មហាជនជាច្រើនក៏បាន បង្វែរងាកមកបញ្ហាដែលបទចម្រៀងថ្មីរបស់ នាយចឺម ដែលមានចំណងជើងថា “អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា” ដោយបទចម្រៀងនេះគឺមាន Melody ពីបទចម្រៀងមរតកដើម ពោលគឺបទ “នឹកភូមិភ្នំធំ” ដែលជាការនិពន្ធដោយកវីលោក គង្គ ប៊ុនឈឿន ថែមទាំងខាងផលិតកម្មមិនបានដាក់ថានិពន្ធដោយមរតកដើមឡើយ។

ក្រុមគ្រួសាររបស់លោក គង់ ប៊ុនឈឿន កំពុងតែត្រៀមស្នើសុំទៅកាន់នាយកដ្ឋានកម្មសិទ្ធបញ្ញា ដើម្បីដោះស្រាយការលួចចម្លង និងកាឡៃបទចម្រៀងដោយគ្មានការអនុញ្ញាតិ។ គួររំលឹកផងដែលថា​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់​សិទ្ធ​គ្រប់​គ្រង​ស្នាដៃ​តែង​និពន្ធ​បទ​ចម្រៀង​៤១​បទ​របស់​លោក គង្គ ប៊ុនឈឿន ទៅ​ឲ្យ​ភរិយាលោក គង្គ ប៊ុនឈឿន ​ជា​អ្នក​គ្រប់​គ្រង។ លោក មុត ថារី ដែលជាកូនប្រសារក៏ធ្លាប់បានសំណូមពរដល់ផលិតករទាំងអស់បញ្ឈប់ជាបន្ទាន់រាល់ការកាឡៃបទចម្រៀងដើម មកធ្វើជាស្នាដៃរបស់ខ្លួន៕