មួយរយៈក្រោយនេះរឿងរ៉ាវទាក់ទងនឹងបរិស្ថានជាពិសេសកាកសំណល់ដែលគ្មានសណ្តាប់ធ្នាប់ និងអនាម័យហាក់រង្គោះរង្គើពេញពិភពលោកតែម្តង ដោយគេសង្កេតឃើញថាមានមហាជនជាច្រើនរូបបានចូលរួមនាំគ្នា Challenge ដើម្បីសម្អាតតំបន់ផ្សេងៗគ្នា។ ក្នុងនោះប្រទេសកម្ពុជាយើងក៏មានយុវជនមួយក្រុមដែលនាំគ្នាសម្អាតលូទឹកស្អុយបឹងត្របែកដូចគ្នា ដោយឡែកនៅឯប្រទេសថៃវិញក៏ហាក់តែកំពុងដុតដៃដុតជើងដូចគ្នា។

Tono Pakin តារាសម្តែងនិងចម្រៀងរបស់ប្រទេសថៃមួយរូប បានធ្វើឲ្យប្រជាពលរដ្ឋថៃជាច្រើននាក់កោតសរសើររូបលោកមិនដាច់ពីមាត់ ដោយរូបលោកគឺជាតារាប្រុសដំបូងគេក្នុងការចូលរួមជាមួយក្រុមប្រមូលសំរាមដោយមិនប្រកាន់ខ្លួន។ គួរបញ្ជាក់ឲ្យដឹងដែរថាលោក Tono ធ្លាប់ធ្វើការមុជទឹកប្រមូលកាកសំណល់បំពុលសមុទ្រជាច្រើនលើកច្រើនសារ មកទល់ពេលនេះគឺលោកជាមួយនឹងក្រុមការងារ Keb Ruk Society នៅតែបន្តសម្អាតតំបន់ផ្សេងៗទៀតជុំវិញប្រទេសថៃ។ នេះសបញ្ជាក់ឲ្យឃើញថាលោក Tono Pakin ជាតារាប្រុសមួយរូបដែលស្រលាញ់បរិស្ថាន និងជាគំរូដ៏សែនល្អគួរយកតម្រាប់តាម ទោះបីខ្លួនជាតារាល្បីក៏មិនប្រកាន់ខ្លួនដែរ៕ ប្រភព៖ Thairath