បងប្អូនជាច្រើនមុខជាស្គាល់ក្រុម La Chhouk Recycled & Creative Fashion ជាក់ជាមិនខាន ជាពិសេសគឺមិត្តយុវវ័យផ្ទាល់តែម្តង។ ដោយក្រុមនេះគឺជាក្រុមមួយដែលច្នៃម៉ូដសម្លៀកបំពាក់ចេញពីសំរាមកែច្នៃ និងរបស់ប្រើប្រាស់ ជាមួយគំនិតច្នៃប្រឌិតនិងទេពកោសល្យដ៏គួរឲ្យស្ងប់ស្ងែង។ ជារៀងរាល់ឆ្នាំគ្រប់ពេលដែលកម្មវិធីពិព័រណ៌ស្នាដៃនិស្សិតរបស់សាលារចនាប្រារព្ធឡើង ក្រុម ឡាឈូក តែងមានវត្តមានចូលរួមពុំដែលអាក់ខាននោះឡើយ ដើម្បីបង្អួតស្នាដៃដ៏ល្អឯកដែលពួកគេមាន។ ដោយឡែកឆ្នាំនេះយើងប្រហែលជាមិនអាចបានឃើញវត្តមានរបស់ក្រុម ឡាឈូក នោះទេ ដោយឆ្នាំនេះ ឡាឈូកមិនបានចូលរួមក្នុងកម្មវិធីពិព័រណ៌ស្នាដៃនិស្សិតរបស់សាលារចនា២០១៩ឡើយ។ តាមរយៈទំព័រផ្លូវការរបស់ ឡាឈូក ដែលបានសរសេររៀបរាប់ឲ្យដឹងថា «ឡាឈូក នឹងអាក់ខានក្នុងការចូលរួមក្នុងកម្មវិធីពិព័រណ៌ស្នាដៃនិស្សិតរបស់សាលារចនាឆ្នាំ២០១៩នេះ!!

ជាដំបូង ពួកយើងសុំអភ័យទោសទៅដល់អ្នកទាំងអស់គ្នា ជាពិសេសអ្នកដែលតែងតែគាំទ្រក្រុម La CHHOUK និងប្អូនៗនិស្សិត ដែលមានបំណងចង់ក្លាយជា CHHOUK CHHOUK (អ្នកស្ម័គ្រចិត្តក្រុម La CHHOUK) នៅក្នុងឆ្នាំនេះផងដែរ។ មូលហេតុមួយចំនួនដែលយើងទទួលបានពីខាងអ្នករៀបចំកម្មវិធីឆ្នាំនេះបាន ធ្វើអោយយើងអវត្តមានសម្រាប់ការសម្ដែង និងការដាក់តាំងបង្ហាញស្នាដៃឆ្នាំនេះ តែយើងសង្ឃឹមថា យើងនឹងចូលរួមជាថ្មីម្ដងទៀតនៅឆ្នាំបន្ទាប់ ដូចដែលយើងបានចូលរួមកន្លងមក តាំងពីឆ្នាំ២០១៤ ។

ជាចុងក្រោយយើងសូមអរគុណ យ៉ាងខ្លាំងក្លាចំពោះអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ គ្រប់ស្នាដៃ និងគ្រប់ការសម្ដែងទាំងអស់ពីក្រុម La CHHOUK ហើយសុំអោយបន្តនូវការគាំទ្រ កាន់តែខ្លាំងឡើង និងរង់ចាំកម្មវិធីផ្សេងៗ ជាបន្តបន្ទាប់នាពេលខាងមុខទៀតរបស់La CHHOUK»។ យាងណាមិញបើទោះបីជា ឡាឈូក មិនបានចូលរួម តែកម្មវិធីតាំងពិព័រណ៍នៅតែបន្តធ្វើឡើង ដូច្នេះសង្ឃឹមថាបងប្អូននឹងចូលរួមឲ្យបានច្រើនកុះករ ព្រមទាំងបន្តតាមដានការងារស្នាដៃក្រុម ឡាឈូក ព្រមទាំងក្រុមនិស្សិតសាលារចនាផងណា៕