បងប្អូននៅចាំ នាយស្មាញ តារាកំប្លែងជើងចាស់បានដែរឬទេ? កាលពីថ្មីៗនេះលោកពូស្មាញ បានធ្លាក់ខ្លួនមានជម្ងឺធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅព្យាបាល និងសុំជំនួយពីសប្បុរសជន។ យ៉ាងណាមិញក្រោយមកក៏បាត់ដំណឹងគាត់ឈឹងតែម្តង មិនដឹងសុខទុក្ខយ៉ាងណា ស្រាប់តែពេលនេះលេចវត្តមានរបស់គាត់ជាមួយលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈ។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់តាមរយៈបណ្តាញសង្គមឲ្យដឹងថាៈ

«បាត់គាត់ទាក់ទងមិនបានរយៈពេលពីរខែហើយ​ ទើបតែដឹងដំណឹងភ្លាម មូលនិធិសិល្បៈចាស់ជរា ក៏បានឧបត្ថម្ភសម្រាលថ្លៃវះកាត់ដុះសាច់ក្នុងតម្រងនោម​ ដែលកាលពីថ្មីៗនេះ​ ទើបត្រឡប់មកពីពេទ្យប្រទេសថៃវិញ។ សុំជួយស៊ែរលើកទឹកចិត្តសប្បុរសជនម្នាក់១ផង!

សមាគមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុង១ឆ្នាំ៥មុឺនដុល្លា​ រយ:ពេល៥ឆ្នាំ។ សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត»។

គួររំលឹកឲ្យដឹងផងដែរថា លោកពូស្មាញ កើតជំងឺនោមធ្លាក់ឈាម​ ដែលតម្រូវឲ្យមានការវះកាត់ព្រោះជំងឺរបស់គាត់អាចនឹងវិវឌ្ឍទៅជាជំងឺមហារីក។ យ៉ាងណាមិញសង្ឃឹមថាលោកពូនឹងជាសះស្បើយពីជំងឺឆាប់ៗ និងមានសុខភាពល្អ។