មួយរយៈនេះមានការប្រកាសពីការផ្អាកផ្គត់ផ្គង់ទឹក និងចរន្តអគ្គិសនី ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី និងទឹកដោយសន្សំសំចៃ ខណៈកំណើនតម្រូវការកើនឡើងខ្លាំង ស្របរដូវប្រាំងអូសបន្លាយយូរ។ ជាមួយនឹងការផ្តាច់ចរន្តទឹក និងភ្លើងញឹកញាប់បែបនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា បានប្រតិកម្មខ្លាំងៗ ដោយអ្នកនាងបានសង្កេតឃើញថា ផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានផ្តាច់មិនឲ្យមានអគ្គិសិនីប្រើប្រាស់ ប៉ុន្តែបែរជាក្លឹប និងហាងខារ៉ាអូខេ មិនដែលដាច់ភ្លើង ដាច់ទឹក បើកចោលទាល់ៗភ្លឺ ទាំងមិនឃើញមានបញ្ឆេះម៉ាសុីនភ្លើង។

ដោយតារាចម្រៀងជើងចាស់រូបនេះបានសរសេររៀបរាប់ថា៖ “ជួយ​ Share មួយអោយមេបានឃើញ​ ! អ្នកលើគ្រាន់តែប្រាប់អោយសន្សំសំចៃទេ​ តែអ្នកក្រោមគាត់ផ្តាច់តែម្តង​។ ចង់ផ្តាច់អីក៏ផ្តាច់ចុះតែសូមប្រាប់មុនផងបានអត់​ ស្រួលកូនចៅត្រៀម​ ព្រោះពេលលោកម្ចាស់ផ្តាច់ភ្លើង​ ឆាប់បំផុតក៏មួយថ្ងៃ​ដែរ ហើយមិនដែលមាន​វាចាប្រាប់មុនទេ​ ធ្វើអោយរបស់របរប្រើអគ្គីសនី​ខ្លះ ត្រូវឆេះ​ ឬខូចអាសារបង់ ហើយការងារដែលសុទ្ធតែជួលមនុស្សមកធ្វើក៏គាំងស្ញេញឈរកេះដីលេង​ខាតទាំងលុយ​ ខាតទាំងពេល ចំណែកចំណីចំណុកក្នុងទូរទឹកកកស្អុយរលួយហូបលែងកើតក៏មាន​។ គួរយល់អារម្មណ៍​ យល់ចិត្តអាណិតកូនចៅផងទាន​? អ្នកនាងក៏បានបន្តថា៖ “ក្រៅពីបន្ថយ​ ផ្តាច់​ ផ្អាក​ តើមានវិធីអ្វីផ្សេងទេទាន​? ព្រោះភ្លើងដាច់ទឹកក៏ដាច់​ដែរ ម៉េចចង់ផ្តាច់ជីវិតតែម្តងឬ​? រាល់ថ្ងៃ​ ភ្លើង​ និងទឹក​ វារហេមរហាម​ទៅហើយ​ ឥឡូវមកផ្តាច់ទៀត​ តើអោយកូនចៅធ្វើយ៉ាងណាទៅ​លោកម្ចាស់? ឆ្ងល់ថា​ ភ្លើង​ទឹក​ ដាច់តែផ្ទះប្រជាជន​ ឯហាង​ ក្លឹប​ បារ​ ខារាអូខេ​ មិនដែលខ្វះខាតសោះ​បើអត់ឃើញមានបញ្ឆេះម៉ាសុីនភ្លើងផង​ បើកចោលទល់ៗភ្លឺ​ ហេតុអីទៅ​? សុំអង្វរ​ រកដំណោះស្រាយឆាប់ៗទៅ​ ស្មៅមុខផ្ទះក្រៀមអស់ហើយ”៕