អង់គ្លេស៖ សមាជិកក្រុម One Direction លោក Louis Tomlinson កំពុងតែជួបទុក្ខធំក្រោយប្អូនស្រីបង្កើតរបស់លោកគឺនាង Félicité Tomlinson បានទទួលមរណភាពក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃពុធសប្តាហ៍នេះ នៅឯ អាផាតមិនមួយ នៅក្នុងទីក្រុងឡុងដ៍។ ខណៈដែលនាងបានសន្លប់ដោយសារតែជម្ងឺគាំងបេះដូង មានមនុស្សនៅក្នុងអាផាតមិន បានខលហៅឡានសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលបន្ទាប់ពីក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះ នាង Félicité ក៏ស្លាប់នៅនឹងកន្លែងតែម្តង។

ប្រភពដែលជិតស្និទ្ធជាមួយនឹងក្រុមគ្រួសារនៃសព បានប្រាប់សារព័ត៌មាន  TMZ ថា  នាង Félicité មិនដែលមានរោគសញ្ញាអ្វីដែលទាក់ទងនឹងជម្ងឺបេះដូងសោះឡើយ ហើយកាលពីខែមករា នាងFélicité បានបង្ហោះសារនៅលើបណ្តាញសង្គម ប្រកាសថានាងបានផ្តាច់ពីការផឹកស្រា និងជក់បារី ផងដែរ។ យ៉ាងណាមិញក្រោយពីទទួលដំណឹងគួរឲ្យតក់ស្លុតនេះ លោក Louis Tomlinson បានលុបចោលការសម្តែងក្នុងកម្មវិធីសប្បុរសធម៌មួយរបស់ BBC ដែលនឹងគ្រោងចាក់ផ្សាយនៅយប់ថ្ងៃសុក្រ។ ហើយពេលនេះ លោក Louis Tomlinson កំពុងតែនៅជាមួយនឹងក្រុមគ្រួសារពោរពេញដោយភាពទុក្ខសោក ក៏ព្រោះតែលោកទើបតែបាត់បង់ម្តាយដែលស្លាប់ដោយសារជម្ងឺមហារីកកាលពីឆ្នាំ២០១៦៕ ប្រភព៖   TMZ