Nicole Theriault តារាចម្រៀងស្រីមានឈ្មោះបោះសម្លេងកាលពីយុគសម័យ ៩០ របស់ប្រទេសថៃបានបើកចិត្តបកស្រាយរឿងទាក់ទងនិងការលែងលះជាមួយលោក Chirasak Panphum កាលពី១១ឆ្នាំមុន។ គិតមកទល់ពេលនេះ Nicole Theriault មានអាយុ៤៦ឆ្នាំហើយ ដោយនាងទទួលបានចំណងដៃអាពាហ៍ពិពាហ៍គឺកូនប្រុសមួយរូបឈ្មោះថា Achira Panpoom ហៅក្រៅថា Tickle ដែលមានអាយុ១៤ឆ្នាំ។

តារាស្រីរូបនេះបានបើកចិត្តបកស្រាយរឿងវិបត្តិផ្លូវចិត្តជាលើកដំបូងក្រោយគ្រាំគ្រាបៀមទុក្ខអស់រយៈពេល១១ឆ្នាំ ក្រោយនាងនិងស្វាមីត្រូវលែងលះគ្នា។ គួរបញ្ជាក់ឲ្យដឹងផងដែរថា Nicole Teriault និងលោក Mew Chirasak រៀបការជាមួយគ្នានៅឆ្នាំ២០០៤ តែនៅឆ្នាំ២០០៨ អ្នកទាំងពីរក៏សម្រេចចិត្តដើរផ្លូវរៀងខ្លួនដោយបន្សល់នូវកូនប្រុសមួយទុកឲ្យរូបនាងចិញ្ចឹម។ នាងបានប្រាប់ពីមូលហេតុដែលរូបនាងនិងស្វាមីសម្រេចចិត្តចែកផ្លូវគ្នា ព្រោះតែរូបនាងនិងស្វាមីមិនសូវមានពេលវេលាផ្តល់ឲ្យគ្នាក្រោយពេលដែលនាងពពោះ ស្វាមីរបស់នាងគឺតែងចេញច្រៀងប្រចាំ ហើយគាត់ប្រាប់នាងថាគាត់ចង់ធ្វើជាតារាចម្រៀងដូចពីមុន។ ក្រោយមកអ្នកទាំងពីរចាប់ផ្តើមមានអារម្មណ៍ថាលែងស្និទ្ធិស្នាលចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា​ ដោយចាត់ទុកត្រឹមជាមិត្ត ដែលជាហេតុឈានដល់ការបែកបាក់។

ថ្មីៗនេះដែលមហាជនក៏ងឿងឆ្ងល់ថា តើនាងនឹងរកបុរសណាម្នាក់ដើម្បីមើលថែជីវិតនាងបន្តទៀតឬអត់ទេ ព្រោះពេលនេះនាងមានវ័យច្រើនដែរហើយ។ Nicole ក៏បានតបទៅវិញថាសម្រាប់រឿងស្នេហានាងគឺទុកមួយឡែក នាងមិនដែលបានខ្វាយខ្វល់ពីវាទៀតនោះឡើយ នាងក៏មិនជឿសម្តីបុរសណាម្នាក់ងាយទៀតនោះដែរ នាងសុំត្រឹមតែធ្វើការសន្សំលុយដើម្បីបញ្ជូនកូនប្រុសតែម្នាក់របស់នាងទៅរៀននៅឯសហរដ្ឋអាមេរិក ដែលត្រូវចំណាយដល់១០លានបាត។ នាងបន្តថាប្រសិនបើកូនប្រុសនាងអាចទទួលបានអាហារូបករណ៍ការចំណាយអាចនឹងកាត់បន្ថយ តែទោះបីជាយ៉ាងណា នាងនឹងប្រឹងអស់ពីសមត្ថភាព ព្រោះពេលនេះនាងមានតែរូបកូនតែម្នាក់ប៉ុណ្ណោះដែលប្រៀបបាននឹងជីវិតរបស់នាង៕ ប្រភព៖ Kapook