អ្នកនាង យក់ ថិតរដ្ឋា តារាស្រីដែលមានបទពិសោធន៍ខ្ពស់អាចច្រៀងបានយ៉ាងពីរោះ និងមានទឹកដមមិនថាបទញាក់ ឬមនោសញ្ចេតនានោះទេ។ តារាស្រីដែលឆ្លងកាត់សិល្បៈអស់ជាង២០ឆ្នាំរូបនេះ ហាក់នៅតែអាចឈរជាតារាស្រីក្នុងដួងចិត្តប្រិយមិត្តជាច្រើនរូប។ បើទោះបីជារូបនាងរៀបការមានស្វាមី មានបុត្រក្តី តែសម្លេង និងសមត្ថភាពនៃការច្រៀងហាក់មិនប្រែប្រួល គឺនៅតែរណ្តំចិត្តដូចដើម ដូចពាក្យចាស់ថា ខ្ញីកាន់តែចាស់គឺកាន់តែហិលអញ្ចឹងឯង។

សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ អ្នកនាង យក់ ថិតរដ្ឋា ក៏ហាក់មានភាពមមាញឹកមិនធម្មតានោះដែរ។ ជាក់ស្តែងមុននេះបន្តិចអ្នកនាងបានបង្ហាញរូបភាពជាច្រើនសន្លឹកទាក់ទងពីទិដ្ឋភាពឈុតក្រៅឆាករបស់ចម្រៀងថ្មីរបស់អ្នកនាង ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ។​ អ្វីដែលរឹតតែធ្វើឲ្យបងប្អូនទទួលការចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកនាង យក់ ថិតរដ្ឋា លេងស្ទាយន៍ខោអាវពណ៌ឆើតៗ មានទាំងសក់ពណ៌ស្វាយ និងសក់អ៊ុតរួញអង្គារដីយ៉ាងទាក់ទាញ។ យ៉ាងណាមិញយើងមិនទាន់ដឹងថាសកម្មភាពទាំងនេះ ក្នុងបទអ្វីខ្លះនោះទេ ដូច្នេះហើយសូមរង់ចាំតាមដានទាំងអស់គ្នា!