ករណីរំលោភ​សេពសន្ថវៈហាក់កើតមានឡើងជាញឹកញាប់មួយរយៈក្រោយនេះ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗគួរឲ្យអាណិត ដែលជាហេតុធ្វើឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសក្តែងថានឹងលុបបំបាត់ករណីរំលោភនេះចោល។ ក្រោយពីទទួលបានដំណឹងនេះ មហាជនជាច្រើន រួមទាំងសិល្បករ សិល្បការិនីជាច្រើនបានចេញមុខគាំទ្រ ព្រមទាំងអ្នកខ្លះបានបញ្ចេញមតិយោបល់តាមរយៈបណ្តាញសង្គមជាពិសេសទៅលើករណីតារាស្រីៗស្លៀកសិចស៊ីលេចលើលេចក្រោម ដែលនាំឲ្យកើតហេតុរំលោភ។

ស្រាប់តែលោក ហេង ឡុង ដែលជាគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈបានប្រកាសព្រមានចំៗតែម្តង ចំពោះករណីតារាស្លៀកសិចស៊ី នឹងជេរប្រទេចគ្នាដោយពាក្យមិនសមរម្យ។ លោកបានសរសេររៀបរាប់ថា «ក្នុងនាមសមាគមសិល្បករខ្មែរ ក៏ដូចជាក្នុងនាមសមាជិកក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដែលមានលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ជាប្រធាន ខ្ញុំបាទសំណូមពរដល់សិល្បករសិល្បការិនីទាំងអស់ដែលបានបង្ហោះពាក្យជេរគ្នាយ៉ាងអសុរោះ ដែលមិនសមចេញពីមាត់សិល្បករសិល្បការិនីដែលជាមនុស្សរបស់មហាជនអោយតម្លៃឡើយ និងសិល្បការិនីមួយចំនួនបានស្លៀកពាក់ស៊ិចស៊ីជ្រុល។ បើទោះជាពួកគាត់ទាំងនោះ បច្ចុប្បន្នមិនមែនជាសិល្បករសិល្បការិនីក៏ដោយ។ ខ្ញុំបាទសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេ យើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។ សូមបងប្អូនសិល្បករសិល្បការិនីទាំងអស់មេត្តាជ្រាប និងដោយក្តីអនុគ្រោះបំផុត»៕