មួយរយៈក្រោយនេះគេសង្កេតឃើញថា ករណីយុវជនប្រមូលសំរាមនៅឯលូទឹកស្អុយបឹងត្របែកហាក់កាន់តែក្តៅគគុកពេញបណ្តាញសង្គមខ្មែរយើង ដោយមហាជនជាច្រើនបានចូលរួមខំមិនលើកទឹកចិត្ត អ្នកខ្លះក៏បានចូលរួមជួយសម្អាត អ្នកខ្លះទៀតក៏បានជួយឧបត្ថម្ភជាសម្ភារៈយ៉ាងញាប់ដៃញាប់ជើង ព្រោះគោលបំណងតែមួយគឺដើម្បីសោភ័ណ្ឌភាពទីក្រុងស្រស់ស្អាតគ្មានសំរាម និងអនាម័យ។ ដំណឹងនេះហាក់លេចឮដល់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈដែលជាតារាស្រីមួយរូបតែងចេញមុខចូលរួមជួយសង្គម និងសិល្បករ សិល្បការិនីចាស់ជរា ជួបខ្វះខាត។

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់នៅលើគណនីផ្ទាល់ខ្លួនថា «សែនឆ្ងល់មនុស្សដែលចូលចិត្ត ដេក ដើរ អង្គុយ ឈរ ចាំចាប់កំហុសគេ ម្តេចមិនយកពេលទំនេរទៅជួយការងារសង្គមផង ទុកពេលចាំតែចាប់កំហុសអ្នកដទៃច្រើនពេកហើយ កុំគិតតែតាំងខ្លួនជាអ្នកចេះដឹង តាំងខ្លួនជាបុគ្គលល្អ ហើយគិតពីគេអាក្រក់ អគតិលើអ្នកដទៃទាំងខ្លួនមិនដែលមានទង្វើមនុស្សធម៌ ឬ ទង្វើជួយការងារសង្គមម្តងណាសោះ ។

បើទំនេរខ្លាំងសូមយកពេលទៅជួយកាយសំរាមនៅតាមប្រឡាយលូបង្ហូរទឹកកខ្វក់ជាមួយប្អូនៗយុវជនដែលមានទង្វើល្អក្នុងសង្គមផងទៅ គ្នាត្រូវការអ្នកជួយសំអាតច្រើនណាស់។ ពួកអ្នកតាំងខ្លួនចេះដឹងជ្រៅជ្រះចាំតែចាប់កំហុសគេតែមិនដែលជួយសង្គម សូមយកពេលជួយពួកគាត់ខ្លះទៅ ឬ ក៏ដើរជួយការងារសង្គមតាមផ្នែកណាមួយក៏បាន កុំចំណាយពេលចាំចាប់កំហុសគេពេកប្រយ័ត្នពិការភ្នែកដោយសារខំប្រឹងសំលឹងតាមដានកំហុសអ្នកដទៃតាម Facebook»៕