នរណាខ្លះនៅចាំលោក មួន ម៉ារ៉ា ម្ចាស់បទ “អូនទៅភ្នំពេញ”? ក្មេងៗដែលកើតជំនាន់៩០ជាងមុខជាស្គាល់បទនេះច្បាស់មិនខាន ព្រោះសម័យនោះបទ “អូនទៅភ្នំពេញ” គឺជាបទមួយដ៏ពេញនិយមកក្រើកសង្គមតែម្តង។ តែយ៉ាងណាមិញក្រោយមកលោក មួន ម៉ារ៉ា ម្ចាស់បទដ៏ល្បីនេះបានបាត់មុខពីពិភពសិល្បៈយ៉ាងយូរ ដោយមិនមានដំណឹងថាត្រលប់មកវិញនោះឡើយ។

ស្រាប់តែថ្មីៗនេះអតីតតារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ព្រោះតែវត្តមានលោកបានចូលរួមជាមួយយុវជនមួយក្រុមប្រមូលសំរាមដើម្បីសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែក ចំថ្ងៃខួបកំណើតរបស់លោកតែម្តង។ តាមរយៈគណនីហ្វេសប៊ុករបស់លោកដែលបានសរសេររៀបរាប់ឲ្យដឹងថា «ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ ហើយខ្ញុំមកទីនេះព្រឹកនេះដើម្បីរួមចំណែកតិចតួចជាមួយពួកគាត់ ដែលជាយុវជនមានទឹកចិត្តជួយសង្គមជាតិ! ខ្ញុំប៉ងប្រាថ្នានិងបួងសួង: ១. សូមឱ្យអ្នកម្តាយខ្ញុំឆាប់ជាពីជំងឺនិងមានសុខភាពល្អឡើងវិញ ២. សូមឱ្យគ្រួសារខ្ញុំសុខសប្បាយរីករាយជុំគ្នារហូត ៣. សូមឱ្យក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមទាំងឡាយមានការគាំទ្រពីមហាជននិងក្រសួងដែលពាក់ព័ន្ធ។

ចុងក្រោយក៏សូមអរគុណដល់ប្អូនស្ម័គ្រចិត្តបារសំរាមចេញពីទឹកលូ ដែលបានជូនពរបងក្នុងថ្ងៃខួបដ៏មានន័យនេះ»។ មហាជនជាច្រើនក៏បានសម្តែងក្តីកោតសរសើរចំពោះទឹកចិត្តដែលលោកមាន និងបានជូនពរតារាប្រុសដែលមិនប្រកាន់ខ្លួនរូបនេះនៅតាមរយៈបណ្តាញសង្គមជាច្រើនផងដែរ៕