ក្រោយពីមានការបង្ហោះបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយថា លោក​ស្រី​​ឧត្ដមសេនីយ៍​ឯក​ លឹម​ រស្មី  ទេីប​មាន​អាយុ​២៥ឆ្នាំ ដោយមានភ្ជាប់រូបថតមួយសន្លឹកផងនោះ ពេលនេះក៏មានការចេញបដិសេធនិងស្រាយបំភ្លឺហើយ។ ដោយយោង​តាមការបកស្រាយបានឲ្យដឹងថា រូបភាពនេះមិនមែនជារូបលោកជំទាវ​ លឹម​ រស្មី​ ឡេីយ​ ហើយលោកជំទាវ លឹម​ រស្មី​ អគ្គនាយករង​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ពិតប្រាកដមានអាយុ៣៧ឆ្នាំ​។

ចំណែកឯម្ចាស់រូបនោះ គឺជាអគ្គលេខាធិការរង ទទួលបន្ទុកការងារសហប្រតិបត្តិការអន្តរជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឈ្មោះ រ៉ន សិរីលក្ខិណា មានឋានន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ មានអាយុពិតប្រាកដ ៤១ឆ្នាំ។ ដោយខាងស្ថាប័ន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ បានសំណូមពរឲ្យ ម្ចាស់គណនី ព្រមទាំងសារព័ត៌មានមួយចំនួន​ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត មេត្តាបញ្ឈប់សកម្មភាពបំពុលសង្គមបែបនេះ​ជាបន្ទាន់៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម/គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ