កម្រឃើញណាស់! នេះហើយម៉ូតមកុដទាំង៥ នៃតួអង្គអប្សរា ដែលច្នៃចេញជារូបរាងមានភាពស្រស់ស្អាតណាស់

នៅថ្ងៃនេះប្រធានក្រុមដើរម៉ូត តារារះថ្មីកម្ពុជា កញ្ញា សូ អែនណា បានបង្ហោះរូបភាពបង្ហាញនូវម៉ូតមកុដទាំង៥ នៃតួអង្គអប្សរា ដែលបានច្នៃចេញជារូបរាង។ ដោយកញ្ញាបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “រៀងរាល់ពេលដែលនាងខ្ញុំបានទៅទស្សនាប្រាសាទអង្គរវត្ត​ អ្វីដែលនាងខ្ញុំចាប់អារម្មណ៍ជាងគេគឺ​មកុដនៃតួអង្គអប្សរាដែលមានលក្ខណៈខុសៗគ្នា​ទាំងអស់។

នាងខ្ញុំធ្លាប់ស្រម៉ៃថា មកុដទាំងអស់នោះនឹងមានរូបរាងពិតប្រាកដ ហើយនៅថ្ងៃណាមួយនាងខ្ញុំនឹងបានគ្រង។ ឥឡូវនេះបានចេញជារូបរាងបណ្តើរៗហើយ ដែលពិតជាធ្វើអោយនាងខ្ញុំមានអារម្មណ៏ដូចបានត្រលប់ទៅអតីតកាលនាសម័យអង្គរ នៅពេលដែលនាងខ្ញុំគ្រងមកុដទាំង៥នេះ។ សូមចូលរួមថែរក្សានិងអភិរក្សសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរយើង”។ ក្រោយពីបានបង្ហាញនូវម៉ូតមកុដដែលមានភាពទាក់ទាញ នៅលើបណ្តាញសង្គមបែបនេះមានមហាជនជាច្រើនសម្តែងការកោតសរសើរចំពោះការច្នៃ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ៕