ចំណីអាហារ ៥មុខដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក ប្រសិនបើអ្នកញាំញឹកញាប់ពេក
admin August 12, 2019 at 3:22 pm
facebook

ជាការពិតណាស់ការបរិភោគអាហារ គឺជារឿងចាំបាច់ដែលមនុស្សគ្រប់រូបត្រូវាការដើម្បីផ្ដល់នូវថាមពល និងការលូតលាស់ដល់រាងកាយទាំងមូល ជាពិសេសចំពោះសុខភាព។ ប៉ុន្តែប្រសិនបើការបរិភោគអាហារមិនត្រឹមត្រូវ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកជាច្រើនផងដែរ យ៉ាងណាមិញអាហារ ៥ប្រភេទខាងក្រោមនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ស្បែករបស់អ្នក ប្រសិនបើញ៉ាំញឹកញាប់ពេក៖

ទី១. គ្រឿងស្រវឹង៖ ប្រសិនបើអ្នកតែងតែទទួលទានគ្រឿងស្រវឹង ជារៀងរាល់ល្ងាចបន្ទាប់ពីការហត់នឿយជាមួយការងារ ធាតុក្ដៅដែលបង្កឡើងពីគ្រឿងស្រវឹង នឹងធ្វើឲ្យបម្រែបម្រួលអរម៉ូនរបស់អ្នកមានការប្រែប្រួល និងស្បែកបាត់បង់ជាតិទឹក ជាហេតុធ្វើឲ្យផ្ទៃមុខរបស់អ្នកកើតមុន ហើយហើម។

ទី២. ស៊ូស៊ី៖ ស៊ូស៊ីជាអាហារដែលពេញនិយមខ្លាំងក្នុងប្រទេសជប៉ុន តែនៅក្នុងអាហារប្រភេទនេះសំបូរទៅដោយជាតិប្រៃ ដែលធ្វើឲ្យស្បែករបស់អ្នកស្ងួត ឆាប់ជ្រីវជ្រួញ ជាពិសេសឆាប់កើតមុន ព្រោះតែជាតិប្រៃស្រូបយកសារធាតុទឹកដែលមានក្នុងស្បែករបស់អ្នក ធ្វើឲ្យផ្ទៃមុខរបស់អ្នកប្រែជាខ្មៅស្រអាប់ និងបង្អាក់ការផលិតកោសិកាផងដែរ។

ទី៣. ទឹកដោះគោ៖ ទឹកដោះគោត្រូវបានគេចាត់ទុកថាសំបូរទៅដោយកាល់ស្យូម និងប្រូតេអ៉ីនដល់រាងកាយ ប៉ុន្តែអ្នកមិនបានដឹងទេថា វាមិនមានផលល្អសម្រាប់ស្បែករបស់អ្នកទេ ជាពិសេសអ្នកដែលមានស្បែកខ្លាញ់ ដែលអាចបង្កឲ្យការកើតមុនបានយ៉ាងងាយ ដោយសារតែកម្រិតជាតិខ្លាញ់ក្នុងស្បែករបស់អ្នកកើនឡើង។

ទី៤. ការចម្អិនសាច់៖ អ្នកប្រាកដជាមិនបានដឹងទេថា ការបរិភោគសាច់ច្រើន និងចម្អិនមិនបានឆ្អិនល្អ ធ្វើឲ្យស្បែករបស់អ្នកហើម និងមានភាពជ្រីវជ្រួញ ដោយសារតែជាតិប្រៃ និងជាតិអាស៊ីតនៅក្នុងសាច់ មិនល្អចំពោះរាងកាយ និងស្បែករបស់អ្នកនោះទេ។

ទី៥. ទឹកផ្លែឈើ៖ ទឹកផ្លែឈើពិតជាផ្ដល់ផលល្អចំពោះសុខភាព ប៉ុន្តែវាធ្វើឲ្យសារធាតុ Collagen ចុះខ្សោយដោយសារតែជាតិស្ករនៅក្នុងនោះ ធ្វើឲ្យស្បែករបស់អ្នកគ្រើម ជាពិសេសសារធាតុចិញ្ចឹមរបស់ស្បែកក៏ត្រូវបាត់បង់ដែរ ដូចនេះប្រសិនបើអ្នកចង់ទទួលបានស្បែកស្អាតដោយការញ៉ាំទឹកផ្លែឈើ អ្នកគួរតែក្រឡុក ជាមួយបន្លែ ឬក៏ញ៉ាំស្រស់រឹតតែល្អ។