កីឡាករប្រដាល់ថៃ Buakaw Banchamek បន្តការសិក្សាថ្នាក់អនុបណ្ឌិតដើម្បីយកចំណេះដឹងអភិវឌ្ឍន៍អាជីវកម្មខ្លួន ព្រោះតែយល់ថាអាជីពជាអ្នកប្រដាល់មិនមានភាពស្ថិតស្ថេររហូតនោះឡើយ
សង្គម September 6, 2019 Komsan

Buakaw Banchamek កីឡករប្រដាល់ល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃដែលមានប្រជាប្រិយភាពព្រោះតែមានភាពអំណត់តស៊ូអត់ធ្មត់។ ថ្មីៗនេះកីឡាករប្រដាល់រូបនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ក្រោយគេប្រកាសនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យមេចូ ប្រទេសថៃ។

កីឡាករប្រដាល់ដែលមានអាយុ ៣៧ឆ្នាំរូបនេះបានព្រមបើកបង្ហាញពីមូលហេតុឲ្យដឹងថាខ្លួនបានសម្រេចចិត្តជ្រើសរើសបន្តការសិក្សា ព្រោះដើម្បីចង់យកចំណេះដឹងដែលខ្លួនមានមកធ្វើជាប្រយោជន៍ដើម្បីជួយសង្គម ព្រមទាំងធ្វើការអភិវឌ្ឍន៍អាជីវកម្មរីសតដែលខ្លួនកំពុងកាន់កាប់ផងដែរ។ លោក Buakaw Banchamek គឺជាកីឡាករប្រដាល់មួយរូបដែលមានចំណេះដឹងខ្ពង់ខ្ពស់ដោយលោកបានបញ្ចប់ការសិក្សាជាច្រើនជំនាញ មានទាំងជំនាញគ្រប់គ្រងរដ្ឋបាលទូទៅ ទេសចរណ៍ កសិកម្មបែបវិទ្យាសាស្ត្រ និងចម្រុះ ហើយក៏ជាកីឡាករប្រដាល់ដណ្តើមខ្សែក្រវ៉ាត់ល្បីឈ្មោះផងដែរ។

លោកគឺជាកូនកសិករស្រុកស្រែមួយរូបដែលកើតមកក្នុងគ្រួសារមានជីវភាពមធ្យម លោកជាមនុស្សស្រលាញ់ចំណេះដឹង និងគោរពឪពុកម្តាយ លោកបានតស៊ូរហូតបានបើករីសតឈ្មោះថា Buakaw Village ដោយរីសតមួយនេះមានកន្លែងយ៉ាងសម្បូរបែបជាច្រើនដូចជា ក្លឹបហាត់ប្រដាល់បែបបុរាណថៃ កន្លែងសម្រាកលំហែកម្សាន្ត ព្រមទាំងចម្ការកសិកម្ម និងដំណាំស្រូវដែលលោកជាអ្នកដាំដុះ និងថែរក្សាដោយផ្ទាល់។ លោកបាននិយាយថា៖ ឪពុកម្តាយខ្ញុំជាកសិករធ្វើស្រែ ខ្ញុំជាកូនកសិករធ្វើស្រែ តែខ្ញុំមានមោទកភាពណាស់ដែលបានកើតជាកូនពួកគាត់។ ខ្ញុំសម្រេចចិត្តបន្តការសិក្សាដើម្បីយកចំណេះដឹងនេះមកប្រើប្រាស់ជាជំនួយដល់ការបន្តគ្រប់គ្រងរីសត និងអាជីវកម្មពីឪពុកម្តាយខ្ញុំ ហើយក៏ជួយអភិវឌ្ឍន៍ដល់វិស័យកសិកម្មផងដែរ។ ដោយពេលខាងមុខនេះខ្ញុំកំពុងមានគម្រោងអភិវឌ្ឍន៍ និងធ្វើរីសតបន្ថែមមួយទៀតនៅលើផ្ទៃដីដែលខ្ញុំមានចំនួនជាង១០០រៃ ស្មើនឹង១៦ហិចតា។ គម្រោងទាំងនេះគឺកើតចេញពីចំណេះដឹងដែលយើងគ្រប់គ្នាបានសិក្សា មហិច្ឆតាខ្ញុំចង់ក្លាយជាមនុស្សជោគជ័យក្នុងអាជីវកម្ម ដោយខ្ញុំទទួលបានប្រយោជន៍ជាច្រើន ទាំងបទពិសោធន៍កសិកម្ម និងការកាន់កាប់រីសត។ ខ្ញុំដឹងហើយថាអាជីពជាអ្នកប្រដាល់មិនស្ថិតស្ថេរយូរលង់ឡើយ ហេតុដូចនេះខ្ញុំត្រូវតែមានមុខរបរមួយសម្រាប់ជាជន្ទល់ដើម្បីទប់ខ្លួនក្នុងថ្ងៃអនាគត»៕